ប្រមុខរដ្ឋាភិបាល ក្រើនរំលឹកដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ រៀបចំប្រារព្ធទិវាជនពិការ ០៣ ធ្នូ
អត្ថបទដោយ ជួប ច័ន្ទផូផាណែត
ភ្នំពេញ៖ នៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០១៦នេះ ជាទិវាជនពិការកម្ពុជាលើកទី១៨ និងជាទិវាជនពិការអន្តរជាតិលើកទី៣៤។ ជាមួយគ្នានេះ ទិវាជនពិការកម្ពុជាឆ្នាំ២០១៦នេះ ប្រព្រឹត្តទៅក្រោមប្រធានបទ (ផ្តល់អាទិភាពនិងសិទិ្ធអំណាចដល់ជនពិការក្នងគ្រប់វិស័យដើម្បើសង្គមមួយគ្មានពិការភាព)។ ក្នុងទិវានេះ រដ្ឋាភិបាលកម្ពុជា បានក្រើនរំលឹកដល់ក្រសួងពាក់ព័ន្ធឲ្យរៀបចំទិវានេះឲ្យបានពេញលេញ។ នេះបើតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។
ទិវាជនពិការកម្ពុជា
និងទិវាជនពិការអន្តរជាតិ ជាទិវាដែលប្រារព្ធជារៀងរាល់ឆ្នាំ
នៅថ្ងៃទី ០៣ ខែធ្នូ ដើម្បើរំលីកដល់ការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទិ្ធជនពិការ
និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលលើវិស័យពិការភាព។
ជាពិសេសសុខុមាលភាពជនពិការកម្ពុជា ស្របតាមការអនុសញ្ញាស្តីពីសិទិ្ធជនពិការ ទសវត្សជនពិការប្រចាំតំបន់អាស៊ី
និងប៉ាស៊ីហិ្វក។
ជាមួយគ្នានេះ
ទិវាជនពិការអន្តរជាតិ ប្រារព្ធឡើងដើម្បីរំលឹកគុណពីការតស៊ូទាមទារសិទ្ធិចូលរួមក្នុងសង្គមរបស់ជនពិការជាង១៣ប៊ីលាននាក់
ជាប្រជាជនបាត់បង់កាយសម្បទាន កាយវិញ្ញាណ និងសតិបញ្ញា
ដែលតែងតែជួបឧបសគ្គរារាំងក្នុងជីវិតតាំងពីឆ្នាំ ១៩៥០
នៅសហរដ្ឋអាមេរិក និងអឺរ៉ុប។ បន្ថែមលើនេះ ទិវាជនពិការអន្តរជាតិ
សំដៅធ្វើការផ្លាស់ប្ដូរស្ថានភាព និងបង្កើតពីការយល់ដឹងពីបញ្ហាពិការភាព
ផ្តោតទៅលើសិទ្ធិជនពិការ។
សម្រាប់កម្ពុជា
ទិវាជនពិការប្រារព្ធឡើង ក្នុងគោលបំណង
រំលឹកពីវិនាសកម្មនៃរបបប្រល័យពូជសាសន៍ ដែលបានបន្សល់ទុកជនពិការជាច្រើន។
ម៉្យាងទៀត ប្រជាពលរដ្ឋជាច្រើន ក៏ប្រឈមមុខនូវគ្រោះថ្នាក់មួយចំនួន
ដែលនាំឲ្យមានពិការភាព ជារួមគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់ការងារ
និងពិការពីកំណើត។
លើសពីនេះ ដើម្បីសាទរទិវាជនពិការកម្ពុជា
និងទិវាជនពិការអន្តរជាតិ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវដល់គ្រប់ក្រសួង
ស្ថាប័ន រាជធានី-ខេត្ត
ត្រូវរៀបចំពិធីមីទ្ទិញ និងកម្មវិធីកម្សាន្ដដល់ជនពិការ នៅតាមក្រសួង ស្ថាប័ន
និងអង្គការមិនមែនរដ្ឋាភិបាលជាដើម។ ចំណែកក្រសួងព័ត៌មាន
ត្រូវសហការជាមួយក្រុមប្រឹក្សាជនពិការ
ធ្វើការផ្សព្វផ្សាយពីទិវាជនពិការ ០៣ ធ្នូ ឲ្យយល់ដឹងពេញលេញ។ ទាក់ទងគ្នា
ក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងសង្គមកិច្ច ក្រសួងការងារ ក្រសួងសុខាភិបាល
ក្រសួងអប់រំ គណៈកម្មាធិការជាតិរៀបចំកម្មវិធីកម្សាន្ដផ្សេងៗសម្រាប់ជនពិការនៅរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា
រាជរដ្ឋាភិបាលកម្ពុជា ចាត់តាំងឲ្យក្រសួង ស្ថាប័ន រដ្ឋនិងឯកជន
ត្រូវរៀបចំ នូវពាក្យស្លោក
ដើម្បីអបអរសាទរទិវាជនពិការកម្ពុជាលើកទី១៨ និងទិវាជនពិការអន្តរជាតិលើកទី៣៤នេះ
រួមមាន ផ្លាស់ប្ដូរអាកប្បកិរិយារបស់អ្នកដើម្បីឃើញពីធាតុពិតរបស់ជនពិការ,
កាត់បន្ថយភាពក្រីក្ររបស់ជនពិការ តាមរយៈការផ្ដល់ឪកាសការងារស្មើគ្នា, រួមគ្នាអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព
សម្រាប់អនាគតយើង និងកែសម្រួលនិង រៀបចំហេដ្ឋារចនាសម្ព័ន្ធ
ដើម្បីបរិស្ថានគ្មានពិការភាពជាដើម។ នេះបើតាមសារាចរដដែល៕
Comments
Post a Comment