តើរឿងវាលពិឃាតមានសាច់រឿងរៀបរាប់ពីអ្វីទាក់ទងនឹងជីវិតអ្នកកាសែត New York Times?



Reviewed by: Roeun Vasna
 
វាលពិឃាត ឬ The Killing Fields ​​​​ ជាភាពយន្តមួយដែលឆ្លុះបញ្ចាំង​​​​​​​​ពី​​ប្រវត្តិសាស្រ្តដ៏ជូរចត់នៃប្រទេសកម្ពុជាក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ភាពយន្តនេះត្រូវបានផលិតឡើងនៅឆ្នាំ១៩៨៤ ដោយផ្អែកតាមរឿងរ៉ាវពិតរបស់អ្នកកាសែត​​ជនជាតិអាមេរិច​​ឈ្មោះ Sydney Schanberg  ដែលបានចុះផ្សាយលើកាសែត The New York Time


ខុសពីភាពយន្តទូទៅរបស់ Holllywood ដែលជារឿងប្រឌិត ភាពយន្តនេះបង្ហាញពីបទពិសោធន៍ពិតរបស់ លោក Sydney Schanberg  ដែលជាកាសែត The New York Time និង អ្នកបកប្រែឈ្មោះ ឌិត ប្រាណ ដែលជាអ្នកកាសែតជនជាតិខ្មែរ។ រឿងនេះផលិតដោយក្រុមហ៊ុនGoldcrest Films ដែលមានRoland Jofféជាអ្នកដឹកនាំរឿង និង David Puttnamផលិតករ។ តួអង្គសំខាន់ៗ មាន Sydney Schanberg  សម្ដែងដោយ Sam Waterston ឌិត ប្រាណ សម្ដែងដោយ លោក ហ៊ឹង សំណាងង៉ោ និង មិត្តរួមអាជីពរបស់ពួកគេ  ដូចជា AI Rockoff ជាអ្នកថតរូបជនជាតិអាមេរិច និង អ្នកកាសែតអង់គ្លេសឈ្មោះ Jon Swain ជាដើម។

មានរយៈពេល ២ម៉ោង និង១៥ នាទី ភាពយន្តចាប់ផ្ដើមឡើងដោយបង្ហាញទិដ្ឋភាពនៅទីក្រុងភ្នំពេញ ក្នុងឆ្នាំ ១៩៧៣ ជាពេលដែល Sydney Schanberg  មក​​បំពេញការងារនៅកម្ពុជា ហើយបានជួបនឹង ឌិត ប្រាណ។ ពេលនោះ ជាពេលដែលរដ្ឋាភិបាលរបស់លោក លន់ នល់ ដែលមានសហរដ្ឋអាមេរិច ជាអ្នកគាំទ្រ កំពុងធ្វើសង្គ្រាមប្រឆាំង ពួកខ្មែរក្រហម។ប្រទេសកម្ពុជាកាន់តែវឹកវរនឹងសង្គ្រាម សហរដ្ឋអាមេរិចបានទម្លាក់គ្រាប់បែកទៅលើភូមិមួយនៅតំបន់ អ្នកលឿង។ Sydney Schanberg ព្យាយាមយ៉ាងលំបាក ដោយមានជំនួយពី ឌិត ប្រាណ ដើម្បីចេញពីភ្នំពេញទៅទីនោះ ដើម្បីរាយការណ៍ព័ត៌មាន។

ស្ថានភាពកាន់តែ​​អាក្រក់ៗទៅ សហរដ្ឋអាមេរិចបានដកទូត និង បញ្ជួនទ័ពត្រឡប់ទៅប្រទេស​​ខ្លួន​​វិញ។ គ្រួសាររបស់ ឌិត ប្រាណ បានភៀសខ្លួនទៅអាមេរិចតាមឧទ្ធម្ភាគចក្រ តែ ឌិត ប្រាណ មិនបានចេញទៅជាមួយ ពួកគេទេ ព្រោះលោកចង់នៅរាយកាណ៍អំពីប្រទេស​​​កម្ពុជា។ មិនយូរប៉ុន្មាន ពួកខ្មែរក្រហម បានចូលមកកាន់កាប់ទីក្រុងភ្នំពេញ ហើយ Sydney  Rockoff និង Swain ត្រូវពួកខ្មែរក្រហមចាប់ខ្លួននិង​​រៀប​​នឹង​​សម្លាប់​​ចោល។ តែ​​ដោយការបញ្ចុះបញ្ចូលរបស់ ឌិត ប្រាណ ពួកគេ​​ត្រូវបានដោះលែង។ បន្ទាប់មកពួកគេ នាំគ្នាទៅស្នាក់នៅក្នុងស្ថានទូតបារាំង រួចធ្វើដំណើរ​​ទៅប្រទេសថៃមុននឹងទៅអាមេរិច លើកលែងតែ ឌិត ប្រាណ ម្នាក់គត់ដែលគ្មានលិខិតឆ្លងដែន។ ប្រាណ ត្រូវរស់នៅក្នុង របបកម្ពុជាប្រជាធិបតេយ្យ​​យ៉ាងលំបាកវេទនា រួចក៍ភៀសខ្លួនទៅប្រទេសថៃ បន្ទាប់មកទៅរស់សហរដ្ឋអាមេរិច។

ភាពយន្តនេះប្រើវិធីពណ៌នា បែបបុរសទី១ផង និង បែបបុរសទី៣ផង។ នៅពេលចាប់ផ្ដើមដំបូង Sydney  បានរៀបរាប់ដោយប្រើពាក្យ ខ្ញុំ ដើម្បីប្រាប់ពីរឿងរ៉ាវដល់អ្នកទស្សនា តែក្រោយមកសាច់រឿងទាំងមូលត្រូវបង្ហាញតាមសកម្មភាព​​​​និងការសន្ទនារបស់តួអង្គជំនួសវិញ។ ភាសាអង់គ្លេសត្រូវបានប្រើក្នុងការសន្ទនារបស់តួអង្គសំខាន់ ចំណែកភាសាខ្មែរត្រួវបានប្រើសម្រាប់តួអង្គដែលសម្ដែងជាជនជាតិខ្មែរ។

សាច់រឿងទាំងមូលបង្ហាញតាមរយៈ Point of view របស់តួអង្គពីនាក់គឺ Sydney  និង ឌិត ប្រាណ។ ផ្ទៃរឿងដំបូងមានលក្ខណៈ action  dramatic រួមផ្សំ និង ភាព សោកសៅ។ដូចត្រង់ឈុត ក្នុងភូមិក្រោយពេលទម្លាក់គ្រាប់បែក និង ការចូលមកកាន់​​កាប់ទីក្រុងភ្នំពេញរបស់ពួកខ្មែរក្រហមជាឧទាហរណ៍។
ហួសពីពាក់កណ្ដាលសាច់រឿងបន្តិចសាច់រឿងរបស់ ឌិត ប្រាណ ដែលបង្ហាញពីភាពអត់ឃ្លាន កាសម្លាប់រង្គាល និង សោដនាកម្មជាច្រើន ក្នុងរបបខ្មែរក្រហម។ មួយផ្នែកទៀតជាទិដ្ឋភាព នៅទីក្រុង New York ដែលជា Point of View របស់ Sydney

ភាពយន្តបញ្ចប់ត្រង់ឈុត ដែល ឌិត ប្រាណ បានជួបនឹង Sydney ក្នុងជំរុំមួយក្នុងទឹកដីប្រទេសថៃ។ Sydney បានឈ្នះពានរង្វាន់ចំពោះការរាយការណ៍ពីសង្គ្រាមស៊ីវិលនៅកម្ពុជា ចំណែក ឌិត ប្រាណ ទៅរស់នៅអាមេរិចហើយធ្វើជាអ្នកថតរូបឲ្យកាសែត The New York Time

តាមរយៈភាពយន្តនេះអ្នកទស្សនាអាចស្វែងយល់យ៉ាងច្រើនអំពីស្ថានភាពនៃប្រទេសកម្ពុជាក្នុងសម័យកាលនោះជាពិសេស ទុក្ខវេទនារបស់ប្រជាជនខ្មែរក្នុងរបបខ្មែរក្រហម

The Killing Fields បានទទួលពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិជាច្រើនដូចជា៖ ភាពយន្តល្អបំផុតរបស់ British Academy Film Awards និង ជាភាពយន្តដែលមានសម្លេង និងរូបភាពល្អបំផុតរបស់ Golden Globe Awardsជាដើម។ ចំណែក លោក ហ៊ឹង សំណាងង៉ោ បានក្លាយជនជាតិអាស៊ីទីមួយ ដែលទទួលទទួលពានរង្វាន់ជា Best Supporting Actor របស់ Oscar

Comments

Popular posts from this blog

របរលក់ចាប់ហួយត្រូវប៉ាន់ខ្លាំង ខណៈរបរមួយចំនួនត្រូវបិទទ្វារដោយសារជំងឺកូវីត១៩

ការនេសាទខុសច្បាប់