ដូងខ្ចី ជាភេសជ្ជៈដែលលក់ដាច់ខ្លាំង នៅតំបន់សហគមន៍នេសាទត្រពាំងសង្កែ
ដោយ៖ ញឹក
ស្រីល័ក្ខ
កំពត៖ ដូងខ្ចី ក្លាយជាភេសជ្ជៈ
ដ៏ពេញនិយមនៅក្នុងតំបន់សហគមន៍នេសាទត្រពាំងសង្កែ ដែលភ្ញៀវទេសចរជាច្រើន
បានជាវសម្រាប់ទទួលទាន ដើម្បីបំបាត់ការស្រេកទឹក។ តំបន់សហគមន៍នេសាទត្រពាំងសង្កែ ជាតំបន់ទេសចរមួយស្ថិតក្នុងឃុំត្រពាំងសង្កែ
ស្រុកទឹកឈូ ខេត្តកំពត។
អ្នកស្រី ព្រាប ធំ
ជាអាជីវករលក់ដូងខ្ចី
រួមទាំងភេសជ្ជៈជាច្រើន នៅក្នុងតំបន់សហគមន៍នេសាទត្រពាំងសង្កែ។ អាជីវករលក់ដូរ នាតំបន់សហគមន៍នេសាទត្រពាំងសង្កែរូបនេះ បានប្រាប់ឲ្យដឹងថា ក្នុងចំណោមភេសជ្ជៈដែលអ្នកស្រីលក់
មានតែផ្លែដូងខ្ចីទេ
ដែលលក់ដាច់ជាងគេ។ អ្នកស្រី ព្រាប ធំ
បន្ថែមថា ផ្លែដូងខ្ចី ដែលអ្នកស្រីលក់ មានពីរប្រភេទ
គឺដូងធម្មតា និងដូងក្រអូប។
ដូងក្រអូបនៅទីនោះ មានតម្លៃ ៤ពាន់រៀល ក្នុងមួយផ្លែ
និងដូងធម្មតា មានតម្លៃ៣ពាន់រៀល។
ក្នុងមួយថ្ងៃអ្នកស្រី ព្រាប
ធំ អាចលក់ដូង បានពី៥០ ទៅ៦០ផ្លែ នៅថ្ងៃចុងសប្ដាហ៍
ដែលជាថ្ងៃសម្បូរភ្ញៀវទេសចរ។
អាជីវករវ័យ ៤៥ឆ្នាំរូបនេះ បន្តថា ភ្ញៀវទេសចរភាគច្រើន ចូលចិត្តពិសាដូង ដែលជារបស់ធម្មជាតិ និងជាផ្លែឈើរបស់ខេត្តកំពតផងដែរ។ អាជីវករដែលលក់តែម្ដងម្នាក់ឯង នាកន្លែងដាំដើមកោងកាងនេះ បានចាប់ផ្ដើមលក់ពីម៉ោង ៧ព្រឹក
ដល់ម៉ោង៥ល្ងាច ហើយតែពីរថ្ងៃប៉ុណ្ណោះ
គឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។
ជាអាជីវករក្នុងតំបន់សហគមន៍នេសាទត្រពាំងសង្កែ ដែលជាតំបន់ដើមកោងកាងក្នុងខេត្តកំពត អ្នកស្រី អាចរកចំណូលបាន ពី ៨ម៉ឺន
ទៅ១០ម៉ឺនរៀល ក្នុងមួយថ្ងៃ។ ចំណូលទាំងនេះ ជាចំណូលបានមកពីការលក់ផ្លែដូង រួមទាំងភេសជ្ជៈ
និងនំចំណីបន្តិចបន្ដួចនៅទីនោះ៕
Comments
Post a Comment