ការនេសាទខុសច្បាប់


ការនេសាទត្រី ក៏ជា​វិស័យ​ជលផល​មួយ​ដ៏​សំខាន់​នៅ​ប្រទេស ​កម្ពុជា​ និងមាន​សារៈសំខាន់​សម្រាប់​សេដ្ឋកិច្ច​ប្រទេស​ផងដែរ។ ម៉្យាងវិញទៀត​ មាន​បងប្អូន​ខ្មែរ និងខ្មែរ-អីស្លាម​ជាច្រើន​រស់នៅ​ជុំវិញ​តំបន់​ទន្លេរ​សាប ហើយភាគច្រើន ពួកគាត់​ប្រកបរបរ​ចិញ្ចឹម​ជីវិត​ដោយ​ការចេញ​ទៅ​នេសាទ​នៅ​តាម​ដង​ទន្លេរ។ សម្រាប់​ត្រី​ដែល​រក​បាន​ពីការ​នេសាទ ​ពួក​គាត់​ទុក​បរិភោគ​ខ្លះ​ សេះ​សល់​យក​ទៅ​លក់​នៅទីផ្សារ​ដើម្បីទទួលបាន​កំរៃ​ខ្លះ​យក​មក​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ។

ជាមួយគ្នានោះ​ គូប​ផ្សំ​ជាមួយ​នឹងកម្ពុជា​សំបូរ​ទៅ​ដោយធនធាន​ជលផល​នេះ​ ជា​ច្រើន​កន្លែង​ដូច ជា​សមុទ្រ ទន្លេ បឹង​តូច​ធំ​ជាដើម​ ដែលស្ថិត​ស្ទើរ​តែ​គ្រប់​បណ្ដារ​ខេត្ត​នៃប្រទេស​កម្ពុជា។ យ៉ាងណាមិញ​ វិស័យ​ជលផល​នេះ ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​ក៏មាន​ការ​ប្រែប្រួល​ទៅតាម​អាកាសធាតុ ​និងតំបន់​ ដែលធ្វើ​ឲ្យ​មានការ​ធ្លាក់​ចុះ​នៃធនធានជលផល​ក្នុង​ការ​ផ្គត់ផ្គង់​ដល់ទីផ្សារ​រហូត​មានការនាំចូល​ពីប្រទេស​ជិតខាង​មកជំនួស​វិញ។

ដោយឡែក​ ប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះ ទិន្នផល​ត្រី​មាន​ការធ្លាក់ចុះ​ជា​បន្តបន្ទាប់​ ដោយសារ​កត្តា អាកាសធាតុ​មាន​ការប្រែប្រួល កម្រិត​ទឹក​កាន់តែរាក់​ពីមួយឆ្នាំ​ទៅមួយឆ្នាំ​ បូករួម​ទាំង​ការនេសាទ​ខុស​ច្បាប់​របស់ប្រជាពលរដ្ឋ​ តាម​បណ្តារ​ខេត្ត​មួយចំនួន។

ជាក់ស្ដែង​ នៅក្នុង​តំបន់​មួយ​នៃខេត្ត ​កំពង់ចាម​ តាម​បណ្តោយ​ដងទន្លេរ​សាប​ស្ថិត​ក្នុង​ភូមិ ​ល្វាលើ ​ឃុំ ស្តៅ ស្រុក កងមាស ក៏​កំពុង​មាន​បញ្ហា​ប្រឈម​នឹង «ការ​នេសាទ​ខុសច្បាប់​» ផងដែរ ​នេះ​បើយោង​ទៅ​តាម​កិច្ចសម្ភាសន៍​ជាមួយ​លោកអ៊ុំ ប៊ុន យ៉ុន ដែលជា​ប្រធាន​សហគមន៍​នៅ​ក្នុង​តំបន់នោះ។

លោកអ៊ុំ​បាន​រៀបរាប់​មកកាន់​ និស្សិត​សារព័ត៌មាននៃ​មហាវិទ្យាល័យ​ព័ត៌មាន និង​គមនាគមន៍​ ថា «នៅ​តាម​បណ្ដោយ​ដងទន្លេ ​ក្នុង​ភូមិ​ល្វាលើនេះ មាន​អ្នកនេសាទ​មួយចំនួន​នៅ​តែ​បន្ត​ប្រព្រឹត្ត​ការនេសាទ​ខុសច្បាប់​ ដោយ​មិនបាន​គិត​ពី​ផល​ប៉ះពាល់​ និង​ការ​ហិនហោច​នៃ​ធនធាន​ត្រី​នៅទីនោះ​ បូក​រួម​ទាំង​កម្រិត​ទឹកទាប​ កាន់តែ​ធ្វើឲ្យ​ទិន្នផលត្រី​ក៏កាន់​តែធ្លាក់ចុះ»។

ក្នុងនោះ​ ប្រធានសហគមន៍​រូបនេះ បាន​បន្តទៀត​ថា ប្រជាជន​ដែល​នេសាទ​ខុស​ច្បាប់​នោះ គឺប្រព្រឹត្រ​ទៅ​តាម​រូបភាព​ និងការ​ប្រើប្រាស់​ឧបករណ៍​ដូចជា ការនេសាទ​ដោយប្រើ​សៃ ប្រើសមួយរយ និងការឆក់​ជាដើម។ ជាមួយគ្នានោះ លោក ក៏បាន​បន្ថែមទៀត​ថា ប្រជាពលរដ្ឋ​ នៅ​ក្នុង​តំបន់​នោះ​ មាន​ការត្អូញត្អែល​ចំពោះ​បញ្ហានេះ ​ដោយសារ​តែ​ពួកគេ​ទទួល​រង​ផលប៉ះពាល់​ ដោយសារ​តម្លៃត្រី​កាន់តែថ្លៃ​ជាងរាល់ឆ្នាំ​ ហើយត្រី​ភាគច្រើន​ដែល​ដាក់លក់​នៅ​ក្នុង​ផ្សារ​សុទ្ធសឹង​តែ​នាំចូល​ពី​ខាងក្រៅ​មកវិញ។

បើ​តាម​ការ​បន្ថែម​ពីលោកអ៊ុំ ​យ៉ុន គាត់​បាន​រៀបរាប់​បន្ត​ទៀតថា​ បងប្អូន​ជា​អ្នកនេសាទ​ខុស​ច្បាប់​នៅ​ម្តុំ​មាត់​ទន្លេរ​ ភាគច្រើន​យកត្រី​ទាំង​អស់​ទៅលក់​ឱ្យ​ឈ្មួញ​ដែល​នៅ​ចាំ​ទិញបន្ត​ សម្រាប់​ប្រភេទ​ត្រី​ធំៗ​គេ​យក​ទៅ​លក់​ឱ្យ​ក្រុម​ឈ្មួញ​ដែល​នៅ​ចាំ​ទិញ​នៅលើ​ច្រាំង ចំណែក​កូន​ត្រី​តូចៗ​លាយឡំ​ជាមួយនឹង​កូនកំពឹស​ កូនក្តាម​ កូនអន្ទង់​ជា​ច្រើន​ក្បាល ​ត្រូវបាន​យក​មក​ធ្វើ​ជា​ណុយ​សម្រាប់​ត្រី​ចិញ្ចឹម។ 

កន្លងមក​ ខាង​សមត្ថិកិច្ច​ជនផល​ក៏បាន​អនុវត្ត​ច្បាប់​មួយ​ចំនួន​ទៅ​លើ​ ក្រុម​អ្នក​នេសាទខុស​ច្បាប់​ជាច្រើន​លើក​មក​ហើយ ប៉ុន្តែ​ ហាក់​ពុំ​ទទួល​បាន​លទ្ធផល​ល្អ​នោះ​ទេ ​យ៉ាង​ច្រើនពួកអ្នក​នេសាទ​ទាំងនោះ​ផ្អាក​បានត្រឹម​រយៈពេល​ខ្លី​ប៉ុន​ណោះ។ មក​ទល់​ពេល​នេះ​ ខាងអាជ្ញាធរ​ប្រចាំ​ស្រុក កងមាស ខេត្ត កំពង់ចាម មិនទាន់​មាន​វិធាន​ការ​ប្រសិទ្ធិ​ភាព​ណា​មួយ ដើម្បី​មក​ទប់ទល់​នឹង​ការ​នេសាទ​ខុស​ច្បាប់នៅ​ឡើយ​ទេ។

ជា​ចុង​ក្រោយ​ លោកអ៊ុំ យ៉ុន បាន​អំពាវ​នាវ ដល់​ខាង​រដ្ឋាភិបាល​ ក៏ដូច​ជា​អាជ្ញាធរ​ធំៗ​ប្រចាំខេត្ត កំពង់ចាម លើក​យក​វិធានការ​ណា​មួយ​យក​មក​ទប់​ស្កាត់​អំពើ​ខុស​ច្បាប់​នេះ​ ឱ្យ​ទាន់ពេលវេលា កុំឱ្យ​ធនធាន​ត្រី​ក្នុង​ទន្លេរ​កាន់តែ​ហិនហោច​ទៅៗ ពីមួយឆ្នាំ​ទៅ​មួយឆ្នាំ

ដោយ៖ គឹម បូទី និង ហៀន​ស្រីហាន

Comments

Popular posts from this blog

របរលក់ចាប់ហួយត្រូវប៉ាន់ខ្លាំង ខណៈរបរមួយចំនួនត្រូវបិទទ្វារដោយសារជំងឺកូវីត១៩

តើរឿងវាលពិឃាតមានសាច់រឿងរៀបរាប់ពីអ្វីទាក់ទងនឹងជីវិតអ្នកកាសែត New York Times?