អ្នកស្រុកកងមាស គាំទ្រផលិតផលក្នុងស្រុកល្អជាងផលិតផលនាំចូល
ខេត្តកំពង់ចាម ៖ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅនេះ ក្រុមសិក្សាបានចុះសួរមតិយោបល់របស់អ្នកផ្សាររកាកោងនៅស្រុកកងមាសផ្ទាល់ ទាក់ទងនឹងផលិតផលដែលពួកគាត់លក់ក្នុងទីផ្សារសព្វថ្ងៃមានប្រភពមកពីកន្លែងណាខ្លះ។ ជាចម្លើយឆ្លើយតប អ្នកស្រី ហ៊ាង ម្ចាស់តូបលក់ត្រីដែលអង្គុយធ្វើត្រីអោយភ្ញៀវស្រស់ៗបានបញ្ជាក់ទាំងទឹកមុខញញឹមរួសរាយថា ផលិតផលដែលមានលក់ក្នុងផ្សារនេះសុទ្ធសឹងជារបស់បងប្អូនក្នុងស្រុកដាំនិងរកបាន ជាពិសេសគឺផលិតផលកសិកម្មដែលមានដូចជាត្រីនិងបន្លែតែម្ដង។ អ្នកស្រីបាននិយាយថា “ស្រុកយើងសម្បូរត្រីណាស់ ដោយសារជាខេត្តជាប់ទន្លេនិងសម្បូរអ្នកចិញ្ចឹមត្រីច្រើន។ មីងលក់ត្រីជាង៥ឆ្នាំហើយ ហើយលក់ដាច់ព្រោះអ្នកភូមិគេចូលចិត្តញ៉ាំសាច់ត្រីជាងព្រោះវាធូរថ្លៃ ហើយមិនខ្លាចត្រីនាំចូលពីប្រទេសជិតខាងអីទេ”។ គាត់ក៏បានបន្ថែមថា “ត្រីមីងយកមកលក់ គឺរាល់ព្រឹកម្ចាស់បឹងចិញ្ចឹមត្រីគេយកមកទម្លាក់អោយស្រស់ៗរៀងរាល់ព្រឹក។ ត្រីមួយគីឡូត្រឹម ១០០០០រៀល ទៅ ១២០០០ អីទេ ឥលូវគេនិយមត្រី ហូបរបស់គ្នាឯងគឺទុកចិត្ត” ។
ដោយឡែកអ្នកស្រីម្ចាស់តូបលក់ផ្អកប្រហុក ដែលជាអាហារពេញនិយមរបស់ប្រជាពលរដ្ឋខ្មែរបានបញ្ជាក់អោយដឹងថា
ប្រហុកនិងផ្អករបស់គាត់
គឹធ្វើដោយដៃអ្នកស្រីផ្ទាល់ដោយពុំបានលាយសារជាតិគីមីប៉ះពាល់ដល់សុខភាពបងប្អូនអ្នកទិញឡើយ។
មួយខែម្ដង
អ្នកស្រីប្រមូលទិញត្រីស្រស់ៗពីអ្នកចិញ្ចឹមត្រីក្នុងស្រុកយកមកធ្វើ
ដោយប្រលាក់គ្រឿងទេសតាមរូបមន្តរបស់គាត់។ អ្នកស្រីនិយាយថា “មីងលក់ដាច់ណាស់កំលុងភ្ជុំបិណ្ឌនេះ
គេមកទិញប្រហុក ផ្អកយកទៅធ្វើម្ហូបប្រគេនលោកគ្រប់គ្នា”។ គាត់បានបញ្ជាក់បន្តទាំងសើចថា”អ្នកទិញមុនជាវផ្អកប្រហុក
គេតែងសួរថាតើនេះជាស្នាដៃរបស់គាត់ផ្ទាល់ឬអត់
បើមិនមែនគេមិនទិញទេ”។
ទាក់ទិននឹងការនិយមបរិភោគត្រីក្នុងស្រុកនេះ គឺដោយសារបច្ចុប្បន្នអ្នកស្រុកមិនសូវមានភាពភ័យខ្លាចលើរឿងបទល្មើសនេសាទដ៏ចម្រូសចម្រាសដូចពីមុនទៀតទេ។ ដោយយោងតាមមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទប្រចាំខេត្តកំពង់ចាម អំឡុងឆ្នាំ២០១៩ បទល្មើសនេសាទត្រីខុសច្បាប់កើនឡើងជាលំដាប់ ដែលមន្រ្តីសមត្ថកិច្ចជំនាញបានបង្ក្រាបបទល្មើសប្រហែល២០០ករណី ដែលក្នុងនោះបទល្មើសនេសាទនិងចិញ្ចឹមត្រីខុសច្បាប់នៅក្នុងស្រុកកងមាសបង្រ្កាបបានជិត៦០ករណី។ នេះបង្កអោយប្រជាពលរដ្ឋក្នុងស្រុកមានក្ដីព្រួយបារម្ភក្នុងការធ្វើអាជីវកម្មលក់ដូរត្រី និងបរិភោគសាច់ត្រី មិនតែប៉ុណ្ណោះដោយសារការនេសាទខុសច្បាប់បែបនេះបានធ្វើអោយធនធានត្រីកាន់តែជិតបាត់បង់ពូជ ប៉ះពាល់ដល់ជីវភាពអ្នកស្រុកភូមិយ៉ាងខ្លាំង ជាហេតុនាំអោយអាជីវករលក់ត្រីមួយចំនួនបង្ខំចិត្តយកត្រីពីប្រទេសជិតខាងមកលក់ក្នុងតម្លៃថ្លៃ។ ក្រលេកមកមើលបច្ចុប្បន្នខេត្តកំពង់ចាមមានកន្លែងចិញ្ចឹមត្រីស្របច្បាប់សឹង១៥០០កន្លែង ដែលក្នុងនោះមាននៅស្រុកបាធាយ ស្រុកជើងព្រៃ ស្រុកព្រៃឈរ ចម្ការលើ កំពង់សៀមនិង កងមាស ដែលអនុញ្ញាតអោយប្រជាជនក្នុងស្រុកងាកមកនាំគ្នាគាំទ្រត្រីក្នុងស្រុកគ្នាឯងវិញ ហើយសន្ទុះអាជីវកម្មជួញដូរត្រីក៏រីកចម្រើនជាងមុនរហូតដល់នាំចេញទៅកាន់បណ្ដាខេត្តនិងក្រុងនានាក្នុងកម្ពុជាផង។
បែរមកចាប់អារម្មណ៍នឹងផលិតផលកសិកម្មវិញ អ្នកស្រុកកងមាសផ្ទាល់និយមបន្លែបែបប្រពៃណីជាងបន្លែបរទេស។ នេះបើយោងតាមសម្ដីប្រជាពលរដ្ឋនៅក្នុងផ្សាររកាកោង។ ជាក់ស្តែងប្រជាជនក្នុងស្រុកកងមាសក៏ដូចជាប្រជាជនក្នុងខេត្តកំពង់ចាមសឹង៨៥%ជាប្រជាកសិករ ដែលប្រកបរបរដាំដំណាំនិងខ្លះទៀតមានដំណាំខ្លួនឯងជាបន្ទាប់បន្សំសម្រាប់បរិភោគក្នុងគ្រួសារ។ ដំណាំទាំងនោះភាគច្រើនជាដំណាំដែលដាំលើដីទន្លេមានដូចជា ដំណាំត្រសក់ស្រូវ ពោត ល្ពៅ ចេក អំពៅ ឳឡឹក ម្រះ ដំឡូង ដែលក្នុងមួយឆ្នាំៗអនុញ្ញាតអោយប្រជាកសិករប្រមូលផលយកនាំចេញទៅបណ្ដាខេត្តនានានិងទីក្រុងភ្នំពេញ។ បងប្រុសម្នាក់ដែលជាអ្នកលក់បន្លែក្នុងផ្សាររកាកោងបានប្រាប់មកក្រុមការងារយើងថា បន្លែដែលគាត់ដាក់តាំងលក់ក្នុងតូបនេះ ទាំងអស់សឹងជាបន្លែដែលគាត់ដាំក្នុងចម្ការក្រោយផ្ទះរបស់គាត់។ គាត់បាននិយាយថា “ដោយសារដីអ្នកស្រុកទន្លេមានជីជាតិ ចង់ដាំអីក៏ដុះដែរ ចឹងអ្នកភូមិភាគច្រើនគេមិនទុកដីអោយទំនេរទេ ចេះតែដាំនេះដាំនុះទៅ។ ចំណែកបងក៏យកដីតូចម៉ាដុំហ្នឹង មកដាំបន្លែដូចជាត្រសក់ ចេក ត្រប់ ម្រះ អីយកមកលក់”។ គាត់បានបន្តថា “បន្លែដែលខ្មែរដាំខ្លួនឯងចឹងគឺយើងត្រូវយកមកលក់អោយខ្មែរដូចគ្នា ព្រោះអីដូចជាបង បងដាំវាដោយរបៀបណាខ្លះបងដឹងច្បាស់ ចឹងបងស្ងប់ចិត្តពេលគេទិញរបស់បង ដោយសារដឹងថាវាជាបន្លែក្នុងស្រុកដែលមានសុវត្ថិភាព”។ ជាមួយគ្នានេះដែរ អ្នកមីង សួន ដែលកំពុងទិញបន្លែបានបង្ហាញគំនិតទាក់ទងនឹងការគាំទ្របន្លែផ្លែឈើក្នុងស្រុកដោយគាត់យល់ថាវាជាគំនិតល្អក្នុងការធ្វើបែបនេះ ហើយគាត់ក៏បាននិយាយថា “ឥលូវលឺអីក៏លឺតែគីមីៗជៀសមិនផុត តែបើយើងនាំគ្នាហូបរបស់ស្រុកឯង យ៉ាងហោចណាស់យើងក៏ដឹងពីផលិតផលក្នុងស្រុកខ្លួនឯងជាងផលិតផលនាំចូលពីគេដែរ។ មីងខ្លួនឯងផ្ទាល់គិតពីសុខភាពសំខាន់ ចឹងមីងក៏ងាកមកដាំបន្លែផ្លែឈើខ្លះៗនៅផ្ទះកំប៉ិកកំប៉ុកទៅ អានេះមកទិញតែបន្លែណានៅផ្ទះអត់មានដាំទេ” (គាត់សើច) អ្នកមីងក៏បានសំណូមពរអោយប្រជាពលរដ្ឋខ្មែរទាំងអស់ ងាកមកនាំគ្នាគាំទ្រផលិតផលក្នុងស្រុក ដើម្បីបង្កើតចំណូលអោយគ្នាក៏ដូចជាគិតគូរពីសុខភាពផងដែរ៕
អត្ថបទដោយ ឃួន សុវណ្ណជីវី
រូបភាពថតដោយ ហៀន វីរៈ
Comments
Post a Comment