របរលក់ចាប់ហួយត្រូវប៉ាន់ខ្លាំង ខណៈរបរមួយចំនួនត្រូវបិទទ្វារដោយសារជំងឺកូវីត១៩
(ភ្នំពេញ)៖ ជំងឺកូវីត១៩ បានធ្វើអោយសេដ្ឋកិច្ចនៅលើពិភពលោកទាំងមូលមានការធ្លាក់ចុះមួយកម្រិត ដោយសារតែវិស័យដឹកជញ្ជូនទំនិញមួយចំនួនត្រូវបានជាប់គាំង។ ទន្ទឹមនឹងនេះប្រទេសកម្ពុជាក៏បានទទួលរងឥទិ្ធពលពីជំងឺដ៏កាចសាហាវមួយនេះ ដែលបានធ្វើអោយប៉ះពាល់យ៉ាងខ្លាំងទៅដល់ការធ្វើអាជីវកម្មរបស់ប្រជាពលរដ្ឋ ពិសេសគឺបានធ្វើឲ្យហាងលក់ដូរទំនិញ ក៏ដូចជាក្រុមហ៊ុនមួយចំនួនត្រូវបានបិទទ្វារដោយសារតែគ្មានភ្ញៀវ និង អតិថិជនចូលទិញ។
ប៉ុន្ដែបើតាមការសង្កេតមើលឃើញជាក់ស្ដែង
សន្ទុះនៃរបរលក់ចាប់ហួយគឺមានសន្ទុះខ្លាំងជាងរបររកស៊ីដទៃទៀត ព្រោះនៅពេលមានជំងឺកូវីតរាតត្បាតចូលមកភ្លាម
ស្រាប់តែធ្វើឲ្យរបរលក់ចាប់ហួយលក់ដាច់ច្រើនខ្លាំងជាងមុនពេលកើតមានជំងឺកូវីតនេះផង។
ហើយឥវ៉ាន់ដែលលក់ដាច់ខ្លាំងបំផុតគឺសុទ្ធសឹងតែជារបស់ប្រើប្រាស់ប្រចាំថ្ងៃដែលភាគច្រើនពួកគាត់ទិញស្ដុកទុកសម្រាប់បរិភោគនិងប្រើប្រាស់នៅក្នុងផ្ទះ។អ្នកមីង សុខហេង ជាអាជីវករលក់ចាប់ហួយ
នេះបើតាមការលើកឡើងរបស់ អ្នកមីង សុខហេង ដែលជាអាជីវករលក់ចាប់ហួយមួយកន្លែងមានទីតាំងស្ថិតនៅក្នុងបុរីឡាយគង់ ផ្ទះលេខ០៨ ផ្លូវលេខ១០ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានបញ្ជាក់ថា “របរលក់ចាប់ហួយរបស់គាត់គឺបើកបានរយៈពេល៣ឆ្នាំ ចាប់តាំងពីបើកលក់រហូតមកដល់មុនកើតមានជំងឺកូវីតនេះ គឺមានភ្ញៀវមកទិញជាធម្មតា ក៏ប៉ុន្ដែនៅពេលជំងឺកូវីតចូលមកដល់ភ្លាម ការប្រកបរបររកស៊ីរបស់អ្នកមីងក៏បានរងនូវប៉ះពាល់បន្ដិចបន្ដួចដែរ គឺប៉ះពាល់តែ១សប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីនោះមកគឺការធ្វើអាជីវកម្មរបស់អ្នកមីង ដំណើរការមកជាល្អវិញហើយថែមទាំងលក់ដូរដាច់ខ្លាំងជាងមុនទ្វេដងថែមទៀត ”។
ចំពោះអតិថិជនដែលមកទិញទំនិញនៅផ្ទះរបស់អ្នកមីង គឺមានគ្រប់ស្រទាប់វណ្ណៈមិនថាជា កម្មករសំណង់, កម្មកររោងចក្រ, អ្នកធ្វើដំណើរតាមផ្លូវ និងអ្នករស់នៅក្នុងបុរីជាមួយអ្នកមីងផ្ទាល់ក្ដី គឺពួកគាត់តែងតែមកជួយទិញទំនិញនៅផ្ទះរបស់អ្នកមីង ជាហូរហែរបើទោះបីជាមានផ្ទះដទៃទៀតលក់ឥវ៉ាន់ចាប់ហួយដែលក៏ពិតមែន ក៏ពួកគាត់នៅតែមកជួយទិញទំនិញនៅផ្ទះអ្នកមីង សុខហេង ជានិច្ចជាកាល ។
ដោយឡែកងាកមកចាប់អារម្មណ៍ផ្ទាល់ពីអតិថិជនរបស់ផ្ទះអ្នកមីង
សុខហេង ពេលដែលពួកគាត់អញ្ជើញមកទិញទំនិញម្ដងៗ ។
ប្អូនប្រុស វាសនា គឺជាអ្នករស់នៅក្នុងបុរីជាមួយនឹងអ្នកមីង សុខហេង ដែរ។ វាសនា គឺជាអតិថិជនប្រចាំរបស់ផ្ទះអ្នកមីង ព្រោះថាចាប់តាំងពីបើកលក់រហូតមកលក់ពេលនេះគឺមានរយៈពេល៣ឆ្នាំមកហើយដែលប្អូនប្រុសតែងតែមកជួយទិញក៏ដូចជានំចំណីររួមទាំងភេសជ្ជៈសម្រាប់ទុកញាំនៅផ្ទះ។ វាសនា បាននិយាយថា “ ខ្ញុំពិតជាចូលចិត្ដមកទិញទំនិញនៅផ្ទះអ្នកមីង សុខហេងណាស់ ព្រោះថាអ្នកមីងគាត់សម្ដីផ្អែមហើយរស់រាយរាក់ទាក់ជាភ្ញៀវពិសេសត្រង់ថា ផ្ទះគាត់លក់ឥវ៉ាន់ក្នុងតម្លៃសមរម្យនិងមិនចេះតែឡើងថ្លៃតាមតែមាត់នោះទេ ”។
ចំណែកឯប្អូនស្រីសម្បុលស្រអែមរូបនេះ
ក៏បានបញ្ចេញអារម្មណ៍ផ្ទាល់ខ្លួនមិនខុសគ្នាប៉ុន្មានពីភ្ញៀវដទៃៗទៀតដែរ។
ប្អូនស្រី
លីនណា គឺជាអាជីវករលក់ប្រហិតក្នុងផ្សារបុរី។ លីនណា
ជាភ្ញៀវដែលឧស្សាហ៍មកទិញទំនិញនិងរបស់របរសម្រាប់លក់ប្រហិតរបស់ប្អូន។
លីនណា បាននិយាយថា “ខ្ញុំពេញចិត្ដនូវភាពស្មោះត្រង់និងសម្ដីរស់រាយរាក់ទាក់របស់អ្នកមីង
ដែលជាហេតុផលខ្ញុំត្រូវតែមកទិញទំនិញនៅទីនេះ បើទោះបីជានៅក្នុងបុរីខ្ញុំរស់នៅនេះ
មានអ្នកលក់ចាប់ហួយច្រើនកន្លែងក៏ដោយ ក៏ខ្ញុំនៅតែមកទិញនៅផ្ទះមីងសុខហេងជានិច្ច
” ៕
ដោយ៖ ខេង សុភានាថ
Comments
Post a Comment