មុខរបរផលិតហូលនៅតាមផ្ទះ ជួយស្ត្រីមិនឱ្យធ្វើចំណាកស្រុកស្វែករកប្រាក់ចំណូល

យុវ​សិស្ស​ថ្នាក់​ទី១០​ ញឿន​ ធីតា​ ឆ្លៀត​ពេល​រក​ប្រាក់​តាម​រយៈ​ការ​ចង​គាធ​សំពត់​ហូល​ក្នុង​កំឡុង​វិបត្តិខូវីត​។
 ២២​សីហា​២០២០​ (សាញ់ ​ប៊ុនហឿន)

ភ្នំពេញ៖ ការ​ផលិត​ឱ្យ​បាន​ហូល​១ក្បិន​ត្រូវ​ឆ្លងកាត់​ជាង​១០ដំណាក់កាល​ ដំណាក់​កាល​ណាមួយ​ក៏ដោយ​សុទ្ធ​តែប្រើ​ដៃ​ធ្វើ​ដោយ​ផ្ចិត​ផ្ចង់​។ កិច្ចការ​ដោយ​ដៃ​នេះ​ហើយ​ អាច​ឱ្យ​នារីៗ​ឆ្លៀត​ពេល​ទំនេរ​ដែល​សេស​សល់​ពីកិច្ចការ​គ្រួសារ​ ងាក​មក​ចាប់​យក​ការផលិត​ហូល ​ដើម្បី​ស្វែង​រក​ប្រាក់​ចំនូល ជំនួស​ឱ្យ​ការ​ចំណាក​ស្រុក​ទៅ​ធ្វើការ​ងារ​នៅ​ទី​ឆ្ងាយ។

យុវ​នារីៗ​ដែល​ពេញ​កម្លាំង​ និង​ទំនេរ​ពី​កិច្ចការ​ផ្ទះ ​បាន​យក​សរសៃ​សូត្រ​ពី​ឈ្មួញ ​មក​ច្នៃ​បង្កើត​ឱ្យ​ទៅ​ជា​ហូល​។ ការ​ផលិត​ហូល​ជា​មុខ​របរ​មួយ មិន​តម្រូវ​ឱ្យ​អ្នក​ផលិត​ទៅ​បម្រើ​ការ​ងារ​នៅ​ទី​តាំង​ណា​មួយ​នោះ​ទេ ​គឺ​ពួក​គេ​គ្រាន់​តែ​នៅ​តាម​ផ្ទះ​ ចាំ​ទទួល​យក​សរ​សៃ​សូត្រ​ពី​ថៅ​កែ ​រួចច្នៃ​បង្កើត​ឱ្យ​ទៅ​ជា​ហូល​។ កិច្ចការ​នេះ​ឃើញ​គេ​និយម​នាំ​គ្នា​ធ្វើ​ច្រើន​ក្នុង​ ឃុំត្នោត ​ស្រុកបាទី​ ខេត្តតាកែវ។

យុវតី​ វណ្ណេ​ សូនី​ ដែល​បាន​បញ្ចប់​មធ្យម​សិក្សា​ទុតិយ​ភូមិ​ពីរ​ឆ្នាំ​កន្លង​មក​ហើយ​នោះ ​បាន​ចាប់​យក​ការ​ផលិត​ហូល​នៅ​ផ្ទះ។​ កំពុង​ចង​គាធ​លើសរសៃសូត្រយ៉ាងញ៉ាប់ដៃ វណ្ណេ សូនី រៀបរាប់ថារូបរាងក្បាច់ប្លែកៗគ្នាលើហូលនីមួយៗ គឺឆ្លងកាត់ដំណាក់កាលដែលនាងកំពុងចងគាធជាកងៗ​លើ​បន្តុំ​នៃ​សរសៃ​សូត្រ​នេះ​ហើយ​។ យុវតី​រូប​នេះ​បន្ត​ថា ​ចង​គាធ​មួយ​ក្បិន​ឱ្យ​បាន​រួចរាល់​ នាង​នឹង​ទទួល​បាន​ ថ្លៃ​កម្លាំង​ពល​កម្ម៣៥,០០០​រៀល ​ដោយ​ប្រើ​ពេល​អស់​ពីរ​ថ្ងៃ ​ហើយ​មួយ​ថ្ងៃ​ប្រហែង​ជា​៨​ម៉ោង។កញ្ញា ​វណ្ណេ ​សូនី​ ៖​ “​មួយ​ក្បិន​នេះ ​ខ្ញុំ​គៀត​ពីរ​ថ្ងៃ ​ហើយ​ពេល​យើង​ធ្វើ​រួច​ ថៅ​កែគេ​មក​ដើរ​ប្រមូល ​គេ​ឱ្យ​៣៥,០០០​(រៀល)​។ ខ្លាច​តែ​យើងខ្ជិល​ទេ​ បើ​មិន​ខ្ជិល​ទេ ​ពេល​ធ្វើ​រួច​មួយ​គេ​យក​មក​ឱ្យ​មួយ​ទៀត​”។

គ្រាន់​តែ​ប្រើ​កូន​កាំបិត​មួយ​ប៉ុណ្ណោះ​ដែល​ជាសម្ភារៈ​ផ្ទាល់​ខ្លួន​ទុក​សម្រាប់​កាត់​ខ្សែ​ពេល​ចង​គាធ​ ចំណែក​ឯសម្ភារៈ​និង​វត្ថុ​ធាតុ​ដើម​ជារ​បស់​ឈ្មួយទាំង​អស់​ អ្នក​ចង​គាធ​ គ្រាន់​តែ​នៅ​តាម​ផ្ទះ​រៀងៗ​ខ្លួន​ក៏​អាច​រក​បាន​ចំណូល​បាន​៥០​ម៉ឺន​រៀល​ ទៅ​៨០​ម៉ឺន​រៀល​ក្នុង​មួយ​ខែ។

កញ្ញា​ ញឿន​ ធីតា​ យុវតី​ម្នាក់​ទៀត​ដែល​សព្វ​ថ្ងៃ​នាង​កំពុង​សិស្សា​នៅ​ថ្នាក់​ទី​១០​ នាង​ចំណាយ​ពេល​បី​ថ្ងៃ ​និង​ទទួល​បាន​ប្រាក់​៥០,០០០​រៀលក្នុង​មួយ​ក្បិន​។ ​ប្រាក់​ចំណូល​របស់​នាង​ ជួយ​ឱ្យ​ខ្លួន​នាង​មាន​ប្រាក់​ចាយ​វាយ​ដោយ​ខ្លួន​ឯង​ចំពោះ​ការ​សិក្សា ​និង​ជួយ​សម្រួល​ដល់​បន្ទុក​គ្រួសារមក​លើ​រូប​នាង​។

កញ្ញា​ ញឿន​ ធីតា​៖ ​“​ពេល​ខ្ញុំ​អត់​រៀន​ ខ្ញុំ​គាធ​ហូល​ហ្នឹង​ ខ្ញុំ​ធ្វើ​តែ​ពេល​ទំនេរ​ទេ។ ​ខ្ញុំ​ចាយ​លុយ​បាន​មក​ពី​គៀត​ហ្នឹង​ ហើយ​ជួយ​ទិញ​ម្ហូប​ម៉ែ​ខ្ញុំខ្លះ”​។

អ្នក​ស្រី​ ជឹម​ ស្រី​ពៅ ​ជា​អ្នក​តម្បាញ​ម្នាក់​ដែរ​ អ្នក​ស្រី​បាន​ផ្តុំ​សរសៃ​រសូត្រ​នីមួយ​នៅ​លើ​ថ្នាល​កី​ឱ្យ​ចេញ​ទៅ​ជា​សំពត់​ហូល​ បាន​ប្រើ​ពេល​យូរជាង​គេ ​ប៉ុន្តែ​ក៏​ទទួល​បាន​ថ្លៃ​កម្លាំង​ពលកម្ម​ច្រើន​ជាង​គេ​ផង​ដែរ​។ មាន​កូន​តូច​នៅ​ផ្ទះ ​និង​មាន​ប្តី​ជា​អ្នក​ធ្វើ​សំណង់​នៅ​ខាង​ក្រៅ​ផ្ទះ ​អ្នក​ស្រី​មិន មិន​អាច​ចាក​ចោល​ផ្ទះ​ទៅ​ធ្វើការ​នៅ​ទី​ឆ្ងាយ​នោះ​ទេ ​ហើយ​ការ​តម្បាញ​របស់​អ្នក​ស្រី​ឱ្យ​បាន​ប្រាក់​ចំណូល​ជួយ​បន្ថែម​ដល់​គ្រួសារ​ផង​ដែរ។

អ្នក​ស្រី ​ជឹម​ ស្រី​ពៅ៖​ “អា​ហ្នឹង​ខ្ញុំ​តម្បាញ ​មួយ​ក្បិន​នេះ​៨​ថ្ងៃ​ទើប​ហើយ។​ ឥលូវ​វា​ថោក​ ព្រោះ​អាខូវីត​ស្អី​ហ្នឹង​ បាន​តែ​១៧០,០០០​រៀល​ទេ ពី​មុន​មួយ​ក្បិន​អញ្ចឹង​បាន​ ២០០,០០០​រៀល​”។

អ្នក​ស្រី ​ឃឹន​ ចាន់​ធូ ​ជា​ឈ្នួយ​ម្នាក់​នៅ​ក្នុង​ភូមិ​ឈើ​ទាល​ឃុំ​ត្នោត​ អ្នក​ស្រី​ប្រាប់​ថា​មាន​ឈ្មួញ​ច្រើន​ក្នុង​ឃុំ​ត្នោត​ គ្រាន់​តែ​ក្នុង​ភូមិ​ឈើទាល​មានឈ្មួញ​ប្រហែល​៦​នាក់​ទៅ​ហើយ​។ អ្នក​ស្រី​បន្ថែម​ថា ​ដើម្បី​បាន​សំពត់​ហូល​នេះ ​អ្នក​ស្រី​ត្រូវ​ទៅ​ទិញ​សរសៃ​សូត្រ​ពី​ភ្នំពេញ​ រួច​យក​មក​ធ្វើ​១០ជំហាន​ទើប​បាន​ចេញ​ជា​សំពត់​មួយ​ក្បិន​ ដោយ​អ្នក​ទទួល​ការងារ​យក​ទៅ​ធ្វើ ​អាច​ធ្វើ​តាម​ជំនាញ​រៀង​ខ្លួន​ ហើយ​សម្ភារៈ​អ្នក​ស្រី​ជា​អ្នក​ផ្តល់​ឱ្យទាំង​ស្រុង​។

អ្នកស្រី​ ឃឹន​ ចាន់​ធូ៖ ​“(ផ្តល់​ឱ្យ​) មាន​ឆ្នឹង​គាធ​ ខ្សែ​ជ័រ​ ថង់​ចង​គាធ ​គេ​មាន​តែ​ដៃ​ចង​ឱ្យ​យើង​ទេ។​ ខាង​តម្បាញ​មាន​សព្វ​មុខ​ហ្នឹង​អូន (ផ្តល់) ​តាំង​ពី​ត្រត្បាញ​ សម្ភារៈ​យើង​ទាំង​អស់​ ម្សៅ​សិត​ត្បាញ​ក៏ជា​របស់​យើង​ដែរ​។

តើ​តាម​អ្នក​ស្រី ​ឃឹន​ ចាន់​ធូ ​គាត់​ចំណាយ​ប្រហែល​២០០​ដុល្លា​ សម្រាប់​កម្លាំង​ពលកម្ម​ក្នុង​១នាក់ ​ហើយ​អ្នក​ទទួល​ការងារ​ពី​គាត់​មាន​ប្រហែលជា​២០​នាក់​ ដែល​ទិន្ន​ន័យ​នេះ​អាច​ឱ្យ​អ្នក​ស្រី​ចំណាយ​ប្រមាណ​ជិត​៤,០០០​ដុល្លា​ក្នុង​មួយ​ខែ​សម្រាប់​អ្នក​ផលិត​ក្នុង​ភូមិ។


ដោយ៖ ​សាញ់​ ប៊ុនហឿន


 

Comments

Popular posts from this blog

របរលក់ចាប់ហួយត្រូវប៉ាន់ខ្លាំង ខណៈរបរមួយចំនួនត្រូវបិទទ្វារដោយសារជំងឺកូវីត១៩

តើរឿងវាលពិឃាតមានសាច់រឿងរៀបរាប់ពីអ្វីទាក់ទងនឹងជីវិតអ្នកកាសែត New York Times?

ការនេសាទខុសច្បាប់