យុវជន និងការងារ



អត្ថបទដោយ៖ ហៀង រ័ត្ន

ភ្នំពេញ៖អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន ដែលហៅកាត់ថា(YRDP) ​បានរៀបចំវេទិការសិក្ខាសាលាមួយក្រោមប្រធានបទ« វិថីឆ្ពោះទៅរកការងារសមរម្យ និងថ្លៃថ្នូរ» ។ វេទិការនេះ ផ្តោតសំខាន់ទៅលើការងាររបស់យុវជននាពេលបច្ចុប្បន្ន ដោយមើលឃើញនូវ សមត្ថភាពរបស់យុវជននៅមានកម្រិត សម្រាប់ការប្រកួតប្រជែង ជាមួយយុវជនអាស៊ាន។


ក្នុងវេទិការនេះ មានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសចំនួនបីរូប មកពីស្ថាប័នបីផ្សេងគ្នា ដើម្បីធ្វើការចែករំលែកចំណេះដឹងផ្សេងៗ ដល់យុវជន។ រួមមានលោក យន់ សុផាត អគ្គនាយកក្រុមហ៊ុន ហ៊ុយ យន់ អេហ្គ្រីខលឈ័រ ខូអិលធីឌី, លោក ង៉ោល គាន អ្នកពិគ្រោះយោបល់ផ្នែកជ្រើសរើសបុគ្គលិកជាន់ខ្ពស់របស់ក្រុមហ៊ុនHRINC, លោក គួច សុមាន អនុប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ។ ក្នុងសិក្ខាសាលានេះ មានយុវជនចូលរួមប្រមាណជាង ១៥០នាក់ មកពីសាលា ឬស្ថាប័នផ្សេងៗក្នុងរាជធានីភ្នំពេញ។

កញ្ញា ប៊ី សុខែមរី​ អាយុ២៦ឆ្នាំ ជាមន្រ្តីគម្រោងពង្រឹងសិទ្ធិអំណាចយុវជនសម្រាប់ការងារនៃអង្គការYRDP និងជាអ្នករៀបចំវេទិការនេះឡើង។ កញ្ញាបានប្រាប់ពីគោលបំណងក្នុងការរៀបចំកម្មវិធីនេះ​ថា៖ « ដោយសារកន្លងមក ខ្ញុំបានធ្វើការជាមួយយុវជនទាក់ទងទៅនឹងវិស័យការងារ ហើយបានរកឃើញនិងមើលឃើញបញ្ហាជាច្រើនចំពោះយុវជនបច្ចុប្បន្ន ព្រោះថា​ប្រទេសកម្ពុជា ជាប្រទេសមួយដែលសំបូរយុវជន បើប្រៀបធៀបទៅនឹងប្រទេសដ៏ទៃទៀតនៅក្នុងអាស៊ី។ តែដោយឡែក យុវជនរបស់យើងភាគច្រើន ប្រមាណ៨៣% ពួកគេធ្វើការដោយប្រើកម្លាំង។ ដោយមើលឃើញបញ្ហាបែបនេះ ខ្ញុំមិនចង់អោយយុវជនកម្ពុជាធ្វើការដោយប្រើតែកម្លាំងនោះទេ គឺចង់ជម្រុញអោយយុវជនមានការងារសមរម្យ និងថ្លៃថ្នូរសម្រាប់ខ្លួន។ កញ្ញាក៏បានបន្តថា « ដើម្បីអោយយុវជនទទួលបានការងារសមរម្យបាន ពួកគេត្រូវតែពង្រឹងទាំងផ្នែកជំនាញទន់ និងជំនាញរឹង ព្រោះថាយុវជនភាគច្រើនពេលចប់មហាវិទ្យាល័យ ពួកគេមានតែជំនាញរឹង ប៉ុន្តែមិនមានជំនាញទន់។ ដូច្នេះ ទើបកញ្ញាចង់ជម្រុញអោយយុវជនយល់ដឹងពីអត្ថប្រយោជន៍នៃជំនាញទន់នេះ ដោយនៅក្នុងអង្គការYRDP គឺ មានជំនាញទន់ទាំងនេះ ដែលជាវគ្គបណ្តុះបណ្តាល ក្នុងការជួយតម្រង់ទិស និងជាគន្លឹះនៃភាពជោគជ័យដល់ពួកគេ។»

លោក​ ជាង សុខា នាយកប្រតិបត្តិនៃអង្គការអភិវឌ្ឍន៍ធនធានយុវជន បានបង្ហាញពីការងាររបស់យុវជន នាពេលបច្ចុប្បន្ននេះថា៖ «ទាក់ទងជាមួយនឹងស្ថានភាពការងារនេះ ក្នុងចំណោមយុវជនបានក្លាយជាបញ្ហាចំបងមួយ ដែលយើងបានពិភាក្សាជាច្រើនឆ្នាំមកហើយ។ បញ្ហានេះ យើងមិនត្រឹមតែជជែកគ្នាតែក្នុងកម្រិតជាតិនោះទេ យើងក៏បានលើកឡើងពីបញ្ហានេះ ទៅដល់រដ្ឋាភិបាលតាមបណ្តាប្រទេសផ្សេងៗនៅក្នុងតំបន់ នៅពេលដែលមានវេទិការយុវជនអាស៊ានម្តងៗ ព្រោះដើម្បីអោយធានាបានអំពីការងារបស់យុវជនអោយមានលក្ខណៈមួយសមរម្យ។ មិនតែប៉ុណ្ណោះ យើងមើលឃើញថា យុវជនជាច្រើន បានធ្វើចំណាកស្រុក ទៅក្រៅប្រទេស បើទោះទទួលបានចំណូលខ្ពស់ តែជួនកាលមិនមានសុវត្ថិភាពច្រើនប៉ុន្មាននោះទេ ដែលនេះបញ្ហាមួយ ដែលមានការជជែកពិក្សាដល់យុវជន។

លោកមានប្រសាសន៍បន្ថែមថា « យុវជនម្នាក់ៗ ត្រូវមានជំនាញអោយពិតប្រាកដ កាលណាមានជំនាញហើយ ពិតជាងាយស្រួលរកការងារ បើទោះជាទីផ្សារចង្អៀតក៏ដោយ ព្រោះការទទួលបានការងារមិនមែនជារឿងចៃដន្យនោះទេ គឺត្រូវតែមានការប្រកួតប្រជែងសមត្ថភាព ដែលយុវជនមាន។ ជំនាញដែលយុវជនគួរមានគឺ ជំនាញរឹងជា ជំនាញដែលបានសិក្សាពីការមហាវិទ្យាល័យ និងជំនាញទន់ទាក់ទងនឹងអត្តចរិត ការទំនាក់ទំនង ការគិតពិចារណាស៊ីជម្រៅ សុទ្ធតែជារឿងចាំបាច់សម្រាប់ពួកគេ។ ប៉ុន្តែអ្វីដែលសំខាន់មួយទៀត គឺគោលនយោបាយរបស់រដ្ឋាភិបាល ក៏ត្រូវធានាអំពីទីផ្សារដល់យុវជនផងដែរ ព្រោះទោះបីជាយុវជនមានចំណេះជំនាញខ្លាំងប៉ុណ្ណាក៏ដោយ បើសិនជាមិនមានទីផ្សារ ពួកគេក៏មិនអាចប្រើប្រាស់ជំនាញនោះបានដែរ នេះជាអ្វីដែលរដ្ឋាភិបាលត្រូវមានយុទ្ធសាស្ត្រប្រាកដប្រជាចំពោះយុវជន។»

ក្នុងកម្មវិធីនេះដែរ វាគ្មិនកិត្តិយស​ លោក យន់ សុផាត អគ្គនាយកក្រុមហ៊ុនហ៊ុយ យន់ អេហ្គ្រីខលឈ័រ,ខូអិលធីឌី បានបង្ហាញពីអ្វីដែលយុវជនគួរធ្វើ ដើម្បីទទួលបានការងារសមរម្យ ថា៖ « អ្វីដែលសំខាន់យុវជនគួរតែរៀបចំខ្លួន គឺគាត់ត្រូវមានគោលដៅមួយសិន ថាតើគាត់ចង់បានការងារបែបណា? ដូចមើលឃើញបច្ចុប្បន្ន តម្រូវការទីផ្សារនៅស្រុកខ្មែរ គឺជំនាញរបស់យុវជនមានការខ្វះខាតសម្រាប់ទីផ្សារ។ តែបើយើងងាកមកមើលយុវជន ថាអត់ការងារធ្វើទៅវិញ រឿងនេះ យុវជនគួរតែកំណត់គោលដៅរបស់ខ្លួនឯងមួយអោយបានច្បាស់លាស់ នូវប្រភេទការងារអ្វីដែលខ្លួនចង់បាន ហើយឆ្លើយតបទៅនឹងតម្រូវការរបស់ទីផ្សារ។ លោកបន្តថា « យើងគួរតែមានការគាំទ្រចេញពីគ្រួសារ ឬក៏សង្គមដែលរស់នៅបច្ចុប្បន្ន ដោយមិនគួរគិតពីស្ថានភាពគ្រួសារយ៉ាងណានោះទេ ត្រូវមានការជ្រោមជ្រែងពីមិត្តភក្តិ និងពីសង្គមគ្រួសារ។ ពេលដែលមានគោលដៅច្បាស់លាស់ យើងនឹងខិតខំសាងសមត្ថភាពខ្លួនឯង។ មួយវិញទៀត យើងត្រូវអោយកម្លាំងចិត្តខ្លួនឯងរហូត វាជារឿងសំខាន់សម្រាប់យុវជន នេះបើតាមបទពិសោធន៍របស់លោកផ្ទាល់។​»

យុវជន ទិត្យ សិរីវឌ្ឍរ៉ា អាយុ២៤ឆ្នាំ និស្សិតឆ្នាំទី១ ផ្នែកអក្សរសាស្ត្រអង់គ្លេសនៃវិទ្យាស្ថានភាសាបរទេស បានប្រាប់ពីអ្វីដែលរូបលោកបានចូលរួមក្នុងវេទិការនេះថា៖ « កម្មវិធីនេះ ពិតជាល្អសម្រាប់យើងជាយុវជន​ ព្រោះថាអាចអោយយើងមានគំនិត មានការយល់ដឹងច្រើនអំពីការឲ្យតម្លៃទៅលើការងារ អោយយើងយល់អំពីបែបបទនៃការសំភាស ការដាក់CV និងយល់ដឹងពីទីផ្សារការងារសព្វថ្ងៃ។ មួយវិញទៀត ត្រូវដឹងអ្វីដែលយើងចង់អោយក្រុមហ៊ុនចាប់អារម្មណ៍ទៅលើ CV របស់យើង។  យុវជនរូបនេះបន្តថា « បើតាមទស្សនៈរបស់ខ្ញុំ ដើម្បីអោយយុវជនទទួលជោគជ័យចំពោះការងារគឺ ទី១៖យុវជនត្រូវបំពេញការងារអោយបានច្រើន ជាពិសេស គឺការងារដែលទាក់ទងទៅនឹងការងារស្ម័គ្រចិត្ត ដើម្បីអោយពួកគេមានបទពិសោធន៍។ រីឯទី២៖ ទាក់ទងទៅនឹងភាសា និងទី៣៖ យើងត្រូវចេះពី របៀបនៃការរៀបចំ CV អោយបានល្អ ​ដើម្បីអោយមានភាពទាក់ទាញដល់ក្រុមហ៊ុនដែលចង់បានយើង ហើយអោយយើងចេះបទបែនតាមកាលៈទេសៈនៃការធ្វើការងារ។»

គូរបញ្ជាក់ថា អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន បានរៀបចំវេទិការនេះឡើង នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅសាលាអន្តរជាតិអាមេរិកាំង សាខាទួលគោក។ វេទិការនេះ មានគោលបំណង លើកកម្ពស់ការយល់ដឹងរបស់យុវជនពីទីផ្សារការងារ និងផ្សព្វផ្សាយពីគន្លឹះសំខាន់ៗ ដល់យុវជន ដើម្បីទទួលបានជោគជ័យក្នុងការចាប់យកឪកាសការងារ ដែលសមរម្យ និងថ្លៃថ្នូរ។



Comments

Popular posts from this blog

របរលក់ចាប់ហួយត្រូវប៉ាន់ខ្លាំង ខណៈរបរមួយចំនួនត្រូវបិទទ្វារដោយសារជំងឺកូវីត១៩

តើរឿងវាលពិឃាតមានសាច់រឿងរៀបរាប់ពីអ្វីទាក់ទងនឹងជីវិតអ្នកកាសែត New York Times?

ការនេសាទខុសច្បាប់