ប្រជាពលរដ្ឋវិលទៅទីក្រុងភ្នំពេញក្រោយពិធីបុណ្យចូលឆ្នាំ
អត្ថបទដោយ៖
ហៀង រ័ត្ន
បន្ទាប់ពីពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេលបីថ្ងៃនេះ ត្រូវបានបញ្ចប់ ប្រជាពលរដ្ឋ បានវិលត្រឡប់ទៅទីក្រុងភ្នំពេញ
នៅកំឡុងថ្ងៃទី១៧ និង១៨ ខែមេសានេះ ដើម្បីបំពេញការងារ និងការសិក្សារបស់ខ្លួនវិញ។
មុន និងខណៈពិធីបុណ្យចូលឆ្នាំ ទីក្រុងភ្នំពេញហាក់មានភាពស្ងប់ស្ងាត់ទាំងចរាចរណ៍
និងទេសចរណ៍ផ្សេងៗ ក្រោយពីប្រជាពលរដ្ឋបានចាកចេញទៅស្រុកកំណើត។ ការវិលមកវិញរបស់ប្រជាពលរដ្ឋគ្រប់បណ្តាខេត្ត
បានក្លាយជាភាពអ៊ូអរឡើងវិញបន្ទាប់ពិធីបុណ្យចូលឆ្នាំត្រូវបានបញ្ចប់ត្រឹមថ្ងៃទី១៦
ខែមេសា។
ពេលបានវិលទៅស្រុកកំណើតអស់រយៈពេលដប់ថ្ងៃមកហើយ
ហើយក៏ដល់ពេលត្រូវត្រឡប់ទៅទីក្រុងភ្នំពេញវិញ ដើម្បីបន្តការសិក្សារបស់ខ្លួន។
ដោយមានយានជំនិះផ្ទាល់ខ្លួន ដូច្នេះការធ្វើដំណើរ មានភាពងាយស្រួលដល់រូបគេ។
និស្សិតឆ្នាំទី២ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង លោក លី សុផា មកពីខេត្តកំពង់ស្ពឺ
ប្រាប់ពេលដែលលោកបានជួបជុំគ្រួសារថា «ខ្ញុំមានអារម្មណ៍សប្បាយរីករាយ
ពេលបានជួបជុំក្រុមគ្រួសារ បងប្អូនជិតឆ្ងាយនៅស្រុកកំណើត និងបានជួបជុំមិត្តភក្តិចាស់ៗដែលបែកគ្នាយូរ »។
តែក៏ត្រូវដល់វេលាត្រឡប់ទៅទីក្រុងភ្នំពេញវិញ ក្រោយពិធីបុណ្យចូលឆ្នាំ ត្រូវបានបញ្ចប់
ព្រោះដល់ថ្ងៃដែលនិស្សិតរូបនេះចូលរៀនវិញ។
មិនខុសគ្នានោះដែរ ជាបុគ្គលិកនៃអង្គការសង្គមស៊ីវិលមួយ
កាលដែលបានវិលទៅស្រុកកំណើតរបស់ខ្លួន
ដើម្បីជួបជុំគ្រួសារក្នុងឪកាសពិធីបុណ្យចូលឆ្នាំនេះ ហើយក៏ដល់ពេលវេលាត្រឡប់ទៅភ្នំពេញវិញដែរ។
លោក ឡាត សូយ មកពីខេត្តស្ទឹងត្រែង បានប្រាប់ពីចំណាប់អារម្មណ៍របស់លោកថា« ចំពោះខ្ញុំ ពិតជាមានអារម្មណ៍សប្បាយរីករាយ និងរំភើប
ការដែលបានត្រឡប់ទៅផ្ទះដើម្បីជួបជុំបងប្អូន គ្រួសារ
និងមិត្តភក្តិនៅក្នុងពិធីបុណ្យចូលឆ្នាំនេះ»។
បុរសរូបនេះបានឈប់សម្រាកពីការងាររយៈពេល៦ថ្ងៃ ដើម្បីជួបជុំជាមួយក្រុមគ្រួសារ
ដែលលោកបានរងចាំឪកាសនេះជាយូរមកហើយ។ ក្រោយពីពិធីបុណ្យចូលឆ្នាំត្រូវបានបញ្ចប់
លោកក៏ត្រូវវិលទៅទីក្រុងភ្នំពេញវិញ។ ការធ្វើដំណើររបស់រូបគេ គឺតាមរយៈរថយន្តឈ្នួលដោយសារខេត្តរបស់លោកនៅឆ្ងាយពីទីក្រុង។
តែលោកថា ការធ្វើដំណើរត្រឡប់ទៅវិញ តម្លៃនៃរថយន្តឈ្នួល គឺនៅថេរ មិនមានការឡើងថ្លៃនោះទេ
បើធៀបទៅនឹងថ្ងៃធម្មតា៕
Comments
Post a Comment