ជំងឺហ្ស៊ីកា (ZIKA)ជាជំងឺមួយដែលអាចបង្កគ្រោះថ្នាក់សាធារណៈ
អត្ថបទដោយ សឿន លក្ខិណា
ក្រសួងសុខាភិបាល និងអង្កាសុខភាពពិភពលោកដែលហៅកាត់ថា WHO បានប្រាប់អ្នកព័ត៌មានប្រមាណជា៤៣ស្ថាប័ន ក្នុងករណីការចម្លងជំងឺហ្ស៊ីកានេះ
ដើម្បីធ្វើការផ្សព្វផ្សាយបន្តទៅកាន់ប្រជាពលរដ្ឋគ្រប់រូប អោយមានការប្រុងប្រយ័ត្ននិងចេះការពារខ្លួនពីការឆ្លងពីជំងឺហ្ស៊ីកានេះ។
ជំងឺហ្ស៊ីកាឆ្លងទៅកាន់មនុស្សតាមរយៈមូសខ្លាញីដែលមានផ្ទុកវីរុសហ្ស៊ីកាខាំពេលថ្ងៃ ហើយជាធម្មតាមូសខ្លាធ្វើការខាំនៅពេលព្រឹក ជ្រេរសៀល និងល្ងាច។ ជំងឺហ្ស៊ីការនេះមាន រោគសញ្ញារួមមាន គ្រុនក្ដៅស្ទិញៗ ឈឺក្បាល កន្ទួលក្រហមលើស្បែក ភ្នែកឡើងក្រហម ឈឺសន្លាក់ និងរោគទន់ដៃជើង។
ជំងឺហ្ស៊ីកានេះបើឆ្លងទៅកាន់ស្ត្រីដែលមានផ្ទៃពោះ វាធ្វើអោយទារកខូចខួរក្បាលនិងប្រព័ន្ធសរសៃប្រសាទកណ្តាល ហើយវាអាចធ្វើអោយទារកឈានទៅដល់ការបាត់បង់ជីវិតក្នុងផ្ទៃ ឬទារកមានក្បាលតូចជាដើម។ រហូតមកដល់បច្ចុប្បន្ននេះ គឺនៅមិនទាន់មានវ៉ាក់សាំងសម្រាប់វីរុសហ្ស៊ីកានេះនៅឡើយទេ។
សម្រាប់ស្ថានភាពជំងឺហ្ស៊ីកានៅលើពិភពលោកវិញ ចាប់ពីឆ្នាំ២០០៧មកដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦មានប្រទេសចំនួន៧៥បានរាយការណ៍ថាមានជំងឺហ្ស៊ីកា។ ២៨ប្រទេសរាយការណ៍ថាមានទារកក្បាលតូចឬភាពខុសប្រក្រតីនៃប្រព័ន្ធសរសៃប្រសាទកណ្តាល។ ១៩ប្រទេសមានការកើនឡើងនៃភស្តុតាងថាមានចង្កោមរោគសញ្ញាទន់ខ្សោយដៃជើងនិង អវយៈវៈ។
ចំណែកឯប្រទេសក្នុងតម្បន់មួយចំនួនរួមមានប្រទេសសឹង្ហបុរី ហ្វីលីពីន ថៃវៀតណាម និងម៉ាឡេស៊ី មាកការឆ្លងនៅនឹងកន្លែង។ ៣ករណីទារកមានក្បាល់តូច។ រីឯប្រទេសកម្ពុជាវិញ ចាប់ពីឆ្នាំ២០០៧ ដល់ ឆ្នាំ ២០១០ មានចំនួន៧ករណី។ ប៉ុន្តែបច្ចុប្បន្នគឺគ្មានភស្តុតាងនៃវីរុសចរាចរទេ។
គួបញ្ជាក់ផងដែរថា ជំងឺហ្ស៊ីកាមានដើមកំណើតដំបូងពីសត្វស្វាអ៊ូហ្គង់ដាឆ្នាំ១៩៤៧ បន្តទៅសត្វមូសនៅអ៊ូហ្គង់ដាក្នុងឆ្នាំ១៩៤៨ ហើយវីរុសហ្ស៊ីការនេះចំលងមកមនុស្សតាមរយៈមូសខ្លាខាំលើកដំបូងនៅឆ្នាំ១៩៥២។ ក្នុងឆ្នាំ២០០៧ មានការផ្ទុះទ្រង់ទ្រាយធំប៉ះពាល់៧៣% នៃប្រជាជននៅកោះយ៉ាប់ មីក្រូណេស៊ី ស្ថិតនៅសមុទ្រប៉ាស៊ីភិចខាងលិច។ វីរុសហ្ស៊ីកាបានបន្តរាលដាលនៅទ្វិបអាហ្វ្រិក អាមេរិក អាស៊ី និងប៉ាស៊ីហ្វិក។ នៅថ្ងៃទី១ ខែកុម្ភៈឆ្នាំ២០១៦ អង្កាសុខភាពពិភពលោកបានប្រកាសថាមានការរាតត្បាតដោយវីរុសហ្ស៊ីកាដែលប៉ះពាល់ដល់សុខភាពសារធារណៈ។
តាមការពិនិត្យមើលលើភស្តុតាងរហូតមកដល់ថ្ងៃទី២០ ខែឧសភា ២០១៦ អង្គារសុខភាពពិភពលោកបានសន្និដ្ឋានថា ការឆ្លងវីរុសហ្ស៊ីកាក្នុងកំឡុងពេលមានផ្ទៃពោះ នាំអោយទារកមានខួរក្បាលមិនប្រក្រតីពីកំណើត។ ប៉ុន្តែចាប់ពីថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០១៦ នៅមានការសន្និដ្ឋានថាវ៉ីរុសហ្ស៊ីកានៅតែបង្កការលំបាកដល់សុខភាពសារធារណៈ។
Comments
Post a Comment