ទិដ្ឋ​ភាព​ពេល​រាត្រី​នៅ​មុខ​ក្រុម​ហ៊ុន​MAZDA នា​ឱកាស​​​​​​​​​​​ជិត​ឈាន​ចូល​ដល់​ថ្ងៃបុណ្យ​ណូអែល​


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អត្ថបទដោយ រុន អូន
ភ្នំពេញ៖ នា​​ពេលជិតឈានចូលដល់បុណ្យណូអែលខាងមុខនេះនៅតាមក្រុមហ៊ុន​​នានាបានរៀបចំតុបតែងលម្អដើមគ្រីស្ទម៉ាសដើម្បីត្រៀមទទួលពីធីបុណ្យដែលនឹងមកដល់នាពេលឆាប់ៗនេះ ក្នុងនោះដែរក្រុមហ៊ុនMAZDA ដែលជាក្រុមហ៊ុនលក់រថយន្តទំនើបមួយនៅក្នុងរាជធានីភ្នំពេញក៏បានរៀបចំទីធ្លាខាងមុខយ៉ាងស្រស់ស្អាតផងដែរ ដែលអាចឲ្យមនុស្សម្នាចូលទស្សនាបានដោយសេរី និតថតរូបយ៉ាងសប្បាយរីករាយ

​​​​​​​​ថ្វីត្បិតថាពិធីបុណ្យណូអែលបុណ្យគ្រីស្ទម៉ាសមិនមែនជាពិធីបុណ្យប្រពៃណីរបស់ខ្មែរក៏ពិតមែន ប៉ុន្តែយើងសង្កេតឃើញថាជារៀងរាល់ឆ្នាំឲ្យតែជិតដល់ពេលដែលត្រូវប្រារព្ធពិធីនេះ នៅតាមស្ថាប័ននិងក្រុមហ៊ុន​​នានាក្នុងព្រះរាជាណាចក្រកម្ពុជាតែងតែដាក់តាំងនូវដើមគ្រីស្ទម៉ាសដែលជានិមិត្តរូបតំណាងឲ្យពិធីបុណ្យនេះ។ពិធីបុណ្យនេះត្រូវបានប្រារព្ធឡើងនៅថ្ងៃ​​ទី​​២៥ ខែធ្នូ ជារៀងរាល់ឆ្នាំ ប៉ុន្តែនៅតាមកន្លែងនានា គេច្រើនរៀបចំទុកមុនប្រហែលកន្លះខែទៅមួយខែ។

ក្រឡេកមកមើលការរៀបចំនៅក្នុងក្រុមហ៊ុនMAZDA វិញក៏មានរៀបចំទទួលបុណ្យគ្រីស្ទម៉ាសយ៉ាងស្រស់ស្អាតផងដែរ។ នៅខាងមុខបរិវេនក្រុមហ៊ុនមានដាក់តាំងដើមគ្រីស្ទម៉ាសដ៏ធំនិងខ្ពស់សន្លឹមជាមួយនិងការតុបតែងភ្លើងចម្រុះពណ៌យ៉ាងស្រស់ឆើតឆាយ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺរូបសត្វនិងដើមឈើផ្សេងៗដែលត្រូវបានបំពាក់ភ្លើងពណ៌គួរឲ្យគាប់ចិត្ត ដូចជារូបសត្វក្ដាន់បរទេសសានតាក្លស ប្រអប់កាដូធំៗ តុក្កតាព្រិល ដើមឈើតូចធំនិងរូបផ្សេងៗទៀត។ មនុស្សម្នាដែលធ្វើដំណើរឆ្លងកាត់អាចចូលទៅទស្សនា និងថតរូបលេងដោយសេរីជាមួយមិត្តភក្ដ បងប្អូន ឬជាលក្ខណៈគ្រួសារ និងជាលក្ខណៈគូរស្នេហ៍ជាមួយរូបភាពស្អាតៗជាច្រើន។

រៀងរាល់ល្ងាចចាប់ពីម៉ោងប្រាំមួយឡើងទៅ ទីធ្លាខាងមុខក្រុមហ៊ុនបានក្លាយជាទីកម្សាន្តតូចមួយ ដែ​​មានមនុស្សម្នាដើរលេងទៅមក ព្រមទាំងមានកន្លែងលក់ភេសជ្ជៈនិងនំនែកផ្សេងៗនៅអែបតាមចិញ្ចើមផ្លូវមុខក្រុមហ៊ុន ។ អ្នកដែលទៅអាចទុកម៉ូតូ កង់នៅលើខឿនមុខសួនច្បារបានដោយសេរី ដោយមិនមានការកិបសំបុត្រ​​ឬបង់ប្រាក់អ្វីឡើយ។

 បើតាមសម្ដីរបស់សន្តិសុខដែលនៅយាមមុខក្រុមហ៊ុនបានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនបានរៀបចំទីកន្លែងនេះឡើងតាំងពីមុនបុណ្យអ៊ំទូកមកម៉្លេះ ហើយរៀបចំជារៀងរាល់ឆ្នាំឲ្យតែជិតដល់ពេលបុណ្យគ្រីស្ទម៉ាសនេះ ហើយការបើកភ្លើងឲ្យមនុស្សចូលមកកម្សាន្តនេះគឺចាប់ផ្ដើមពីម៉ោងប្រាំមួយល្ងាច រហូតដល់ម៉ោងដប់យប់។ 

ចំណែកឯលោកពូឆាយដែលជាអ្នកលក់ភេសជ្ជៈនៅមុខនោះវិញបានប្រាប់ឲ្យដឹងថាលោកពូបានចាប់ផ្ដើមមកលក់នៅទីនេះតាំងពីគេទើបតែរៀបចំម៉្លេះ ហើយលោកពូបានបន្តទៀតថានៅថ្ងៃធម្មតាមិនសូវមកច្រើនប៉ុន្មានទេ តែសម្រាប់ថ្ងៃសៅរ៍ អាទិត្យវិញមានមនុស្សមកលេងច្រើនកុះករ ព្រោះជាថ្ងៃឈប់សម្រាក លោកពូបានឲ្យដឹងផងដែរថាក្នុងមួយថ្ងៃលោកពូរកចំណូលពីការលក់បានប្រហែលជាជាងដប់ម៉ឺនរៀល ​​ហើយសម្រាប់ចុងសប្ដាហ៍លោកពូរកបានជិតម្ភៃម៉ឺនរៀលឬថ្ងៃខ្លះអាចបានដល់ម្ភៃម៉ឺនជាងដែរ លោកពូបានបញ្ជាក់ផងដែរថាជារៀងរាល់ថ្ងៃលោកពូមកលក់ពីម៉ោងប្រាំមួយល្ងាចរហូតដល់ម៉ោងប្រាំបួនល្ងាចទើបវិលត្រឡប់ទៅផ្ទះវិញ ព្រោះម៉ោងនេះរាងស្ងាត់មនុស្សហើយ។

គួរបញ្ជាក់ផងដែរថាពិធីបុណ្យគ្រីស្ទម៉ាសបុណ្យណូអែលជាពិធីបុណ្យរបស់សាសនាគ្រឹស្តដែលត្រូវបានប្រារព្ធឡើងដើម្បីរំលឹកដល់ព្រះយេស៊ូគ្រឺស្ត។ ពិធីបុណ្យនេះមានការពេញនិយមនៅបណ្ដារប្រទេសនៅទ្វីបអ៊ឺរ៉ុប តែឥឡូវនេះបានសាយភាយឥទ្ធិពលទៅដល់បណ្ដារប្រទេសជាច្រើននៅពាសពេញសកលលោក ក្នុងនោះរួមមានទាំងប្រទេសកម្ពុជាផងដែរ ។ នៅក្នុងប្រទេសកម្ពុជាឥឡូវនេះមិនថាអ្នកដែលកាន់សាសនាគ្រឹស្ត ឬក៏សាសនាព្រះពុទ្ធទេ  ឲ្យតែដល់ថ្ងៃបុណ្យគ្រឹស្តម៉ាសពួកគេតែងលេងដូរកាដូ ឬជូនកាដូដល់គ្នា ដូចជាជូនមិត្តភក្ដិ បងប្អូន លោកគ្រូអ្នកគ្រូ ឬគូរស្នេហ៍ជាដើម៕

Comments

Popular posts from this blog

របរលក់ចាប់ហួយត្រូវប៉ាន់ខ្លាំង ខណៈរបរមួយចំនួនត្រូវបិទទ្វារដោយសារជំងឺកូវីត១៩

តើរឿងវាលពិឃាតមានសាច់រឿងរៀបរាប់ពីអ្វីទាក់ទងនឹងជីវិតអ្នកកាសែត New York Times?

ការនេសាទខុសច្បាប់