នំក្រឡានស្រុកសូត្រនិគមន៏



បើយើងធ្វើដំណើរតាមផ្លូវជាតិលេខ 6 ហើយឆ្លងកាត់ខេត្តសៀមរាបដល់ភូមិមួយមានឈ្មោះថាភូមិខ្នាស់ដែលស្ថិតនៅក្នុងឃុំខ្នាស់ស្រុកសូត្រនិគមន៍នោះយើងនឹងឃើញមានគេដាក់លក់បំពង់ឬស្សីដែលមានប្រវែងប្រហែល៣០សង់ទីម៉ែត្រជាច្រើននៅតាមចញ្ចើមផ្លូវជាតិលេខនេះ។


ចំពោះអ្នកដែលមិនធ្លាប់ស្គាល់ថាជាអ្វីនោះប្រាកដជាឆ្ងល់ថាតើបំពង់ឬស្សីដែលមានប្រវែងប្រហែលជា៣០សង់ទីម៉ែត្រនោះគេដាក់លក់វាធ្វើអី្វ?

តាមពិតវាគឺជានំរបស់ខ្មែរយើងម៉្យាងដែលគេហៅថាក្រឡាន ក្រឡានគឺជានំមួយប្រភេទដែលមានលក្ខណៈដូចបាយដំណើប នំនេះផ្សំពីអង្ករដំណើបសណ្ដែកនិងដូងលាយគ្នាច្រកក្នុងបំពង់ឬស្សីនោះ


ចំពោះវិធីធ្វើនំនេះវិញជាដំបូងយើងត្រូវលាងជម្រះនិងត្រាំអង្ករដំណើបឲ្យរីកជាមុនសិនរួចយកទៅលាយជាមួយដូង សណ្ដែក និងអំបិលរួចយកទៅច្រកក្នុងបំពងឬស្សីនោះ និងយកទៅឆ្អើរ ក្រោយឆ្អើរបានបន្តិច គេយកវាមកសកសំបកផ្នែកខាងក្រៅនៃបំពង់ឬស្សីនេះចេញ រួចយកវាទៅឆ្អើរម្តងទៀតរហូតដល់ឆ្អិនល្អ ប្រហែលជា ៤០នាទីទៅ១ម៉ោង។


លោកយាយរួនដែលអ្នកលក់ក្រឡានមួយរូប បានឲ្យដឹងថា លោកយាយបានប្រកបមុខរបរលក់ក្រឡាននេះអស់រយៈពេលជាង១០ឆ្នាំមកហើយហើយមុខរបរមួយនេះក៏បានធ្វើឲ្យជីវភាពរស់នៅរបស់លោកយាយប្រសើរឡើងបន្ថែមពីការងារស្រែចម្ការផងដែរ។


លោកយាយបានបន្តថាចំពោះដើមទុនដែលចំណាយលើការធ្វើក្រឡានលក់ក្នុងមួយថ្ងៃគឺប្រហែលជា១០គីឡូ ត្រូវចំណាយខ្ទង់ថវិកាពី២០ទៅ៣០ម៉ឺនរៀល ចំពោះប្រាក់ចំណេញវិញគឺអាស្រ័យទៅតាមថ្ងៃបើថ្ងៃណាលក់ដាច់បានចំណូលក៏ច្រើនដែរគឺថ្ងៃដែលលក់ដាច់អាចលក់បានពី ៤០០ទោ ៥០០បំពង់ឯណោះថ្ងៃដែលលក់ដាច់ជាងគេ ច្រើនថ្ងៃរដូវបុណ្យទាន ដូចជាបុណ្យចូលឆ្នាំខ្មែរចូលឆ្នាំសាកលនិងបុណ្យភ្ជុំបិណ្ឌជាដើម។


ចំពោះភ្ញៀវដែលទិញភាគច្រើន គឺច្រើនជាអ្នកដំណើរមកពីទីក្រុងភ្នំពេញ។បើតម្លៃវិញគឺគិតទៅតាមទំហំបំពង់បំពងតូចមានតម្លៃ២៥០០រៀលនិងបំពង់ធំមានតម្លៃចាប់ពី ៣០០០រៀលទៅ៤០០០រៀល៕
អត្ថបទ៖ដឺម ដាលីន

Comments

Popular posts from this blog

របរលក់ចាប់ហួយត្រូវប៉ាន់ខ្លាំង ខណៈរបរមួយចំនួនត្រូវបិទទ្វារដោយសារជំងឺកូវីត១៩

តើរឿងវាលពិឃាតមានសាច់រឿងរៀបរាប់ពីអ្វីទាក់ទងនឹងជីវិតអ្នកកាសែត New York Times?

ការនេសាទខុសច្បាប់