ក្នុងផ្គត់គំនិតប្រជាជនខ្មែរជាទូទៅវត្តអារាមត្រូវបានគេចាត់ទុកជាទីសក្ការបូជា និងជាកន្លែងសម្រាប់អប់រំ និងដុសខាត់ចិត្តឲ្យល្អប្រសើរ ហើយទីនេះហើយដែលគេចាត់ទុកថាជាទីដ៏ស្ងប់ស្ងាត់ និង ប្រកបដោយសោភ័ណ។
ទោះបីជាយ៉ាងណា ក្នុងបរិវេណវត្តមជ្ឃិមសរារាមដែលស្ថិតនៅក្នុងព្រំប្រទល់ខេត្តកណ្ដាល និងខេត្តកំពង់ចាម ហាក់មិនសូវមានភាពស្ងប់ស្ងាត់ និងមានសោភ័ណភាពដូចគេគិតឡើយ។ បើយើងក្រឡេកមកមើលខាងមុខខ្លោងទ្វារវត្តមជ្ឍិមសរារាមវិញយើងឃើញមានអាជីវករជាច្រើនដែលប្រកបរបររកស៊ីលក់ដូរដូចជាសាច់ជ្រូក សាច់គោ បន្លែ និងសម្លៀកបំពាក់នៅជាប់នឹងរបងខាង មុខវត្តនេះតែម្ដង។
ម្យ៉ាងវិញទៀតសំរាមជាច្រើនត្រូវបានខ្យល់បក់នាំចូលមកខាងក្នុងបរិវេណវត្តនេះដោយសារការបោះចោលសំរាមមិនមានសណ្ដាប់ធ្នាប់របស់បងប្អូនអាជីវករបើទោះបីជាមានធុងសំរាមជាច្រើន នៅខាងក្នុងវត្តនេះក្ដី។
ដែលគួរអោយគត់សម្គាល់ជាងនេះទៅទៀតនោះគឺការលក់របស់របរទាំងអស់នេះមិនត្រឹមតែមាននៅខាងក្រៅរបងសាលានោះទេប៉ុន្តែនៅខាងក្នុងបរិវេណនៃសាលាមជ្ឃិមសរារាមនេះក៏ឃើញមានអាជីវករមួយចំនួន លក់ដូរដោយគ្មានសណ្ដាប់ធ្នាប់ផងដែរគ្រប់ថង់ប្លាស្ទិចទាំងអស់បានហើរចូលទៅខាងក្នុងនៃបរិវេណសាលា ស្ទើរគ្រប់ទីកន្លែងទំាងអស់ក្នុងទីកន្លែងនេះ។
លោក ជុំ ជឿន ដែលជានាយកសាលាបឋមសិក្សាមជ្ឃិមសរារាមនេះ បានលើកឡើងទាំងមុខក្រៀមក្រំ ថា ពីមួយថ្ងៃទៅមួយថ្ងៃអាជីវករបានពង្រាយសំរាមពាសវាលពាសកាលនៅពេលខ្យល់បក់មកសំរាមទាំងអស់នោះ បានហើរចូលពេញទីធ្លាសាលា និងនៅតាមរបង បើទោះបីសាលាបានខិតខំប្រមូលដុតយ៉ាងណាក៏ដោយ ប៉ុន្ដែសំរាមនៅតែកើតមាន មិនតែប៉ុណ្ណោះជារឿងៗលោក មឿន តែងតែប្រាប់ទៅដល់ អាជីវករ ថា កុំបោះសំរាមនៅកន្លែងនេះ ព្រោះវាមិនមែនជាកន្លែងសាធារណនោះឡើយ។
បើទោះបីជាលោក នាយកសាលា បានខិតខំប្រាប់ទៅអាជីវករយ៉ាងណាក្ដី ក៏ពួកគាត់នៅតែបន្ដបោះ សំរាមនៅទីកន្លែងនេះដដែល ដូច្នេះធ្វើអោយគាត់ពិបាកខ្លាំងក្នុងការគ្រប់គ្រងជាពិសេសគឺបញ្ហាបរិស្ថានតែ ម្ដង ពោលនៅពេលដែលបរិស្ថានមិនស្អាត វាបានប៉ះពាល់ទៅដល់សុខភាពរបស់កុមារតូចៗ ហើយសម្លេងរបស់ អាជីវករលក់ដូរវាបានបង្កនូវភាពរំខានដល់ក្មេងនៅពេលកំពុងសិក្សារៀនសូត្រផងដែរ។
មិនតែប៉ុណ្ណោះ វាបានបង្កនូវភាពលំបាកដល់ក្មេងៗនៅពេលដែលជិះកង់មកសាលា ឫចេញទៅផ្ទះ ព្រោះថា បើកាលណាអាជីវករលក់អីវ៉ាន់ណែនច្រើន ធ្វើអោយផ្លូវកាន់តែបង្រួមតូច ដូច្នេះក្មេងៗពិបាកក្នុងការ ធ្វើដំណើរ ទៅមក។
លោក មឿន មានប្រសាសន៍បន្ដទៀតទាំងសម្ដីមួយៗថា កន្លែងនេះមិនបានអនុញ្ញាតអោយបងប្អូនអាជីវករ ទាំងអស់មកលក់ដូរទេ ហើយការលក់នូវម្ហូបអាហារ ខោអាវ កាបូប សារ៉ុង នៅទីធ្លាសាលារៀនក្មេងៗ គ្មានសិទ្ធិឫមានលទ្ធភាពក្នុងការទិញនោះឡើយ មិនតែប៉ុណ្ណោះវាមិនមែនជាភារកិច្ចសម្រាប់ ពួកគាត់ទៅទិញ នូវរបស់របរទាំងនេះទេ។
សរុបរួមមកការបង្កើតសាលារៀន និងវត្តអារាមនៅក្នុងបរិវេណតែមួយ វាបានបង្កនូវផលលំបាកយ៉ាង ខ្លាំងចំពោះ សិក្សានុសិស្សដែលកំពុងតែសិក្សារៀនសូត្រនៅសាលាមជ្ឃិមសរារាម ដោយសារតែការបោះ ចោលសំរាមមិនមានសណ្ដាប់ធ្នាប់ និងការខ្វះការយល់ដឹងពីបញ្ហាបរិស្ថានរបស់អាជីវករ ទើបបណ្ដាលអោយ បរិស្ថាននៅក្នុងតំបន់នេះហាក់មានភាពរញ៉េរញ៉ៃនៅឡើយ៕
Comments
Post a Comment