តុលាការប្រជាជននៅតែមានឥទ្ធិពលក្នុងសង្គមខ្មែរ នាសតវត្សទី២១
ដោយនិស្សិត៖ ញឹក ស្រីល័ក្ខ, សាម សាវ័ន និង សាន តុលា
ភ្នំពេញ៖
តុលាការប្រជាជន នៅតែមានឥទ្ធិពលក្នុងសង្គមខ្មែរ នាសតវត្សទី២១នេះ។
តុលាការប្រជាជន តែងតែកើតមានស្ទើរគ្រប់រូបភាព
ដូចជាករណីគ្រោះថ្នាក់ចរាចរណ៍, ចោរឆក់ ឬចោរប្លន់ជាដើម។ តុលាការប្រជាជន ជាអ្នកកាត់ក្ដីក្រៅច្បាប់
បន្ទាប់ពីពួកគេជួបប្រទះនូវហេតុការណ៍អ្វីមួយនៅក្នុងសង្គម
ជាពិសេសតុលាការប្រជាជនបានបង្កឲ្យជនសង្ស័យបាត់បង់ជីវិតក៏មាន។
តើហេតុអ្វីបានជាកើតមានតុលាការប្រជាជន?
បច្ចុប្បន្ននេះ
ប្រទេសកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍ។ ដោយឡែក
ការយល់ដឹងរបស់ប្រជាជនលើបញ្ហាច្បាប់វិញ នៅមានកម្រិតនៅឡើយ។
ជាមួយគ្នានេះ ជុំវិញបញ្ហាច្បាប់
ទាក់ទងនឹងការកាត់ក្ដីក្រៅប្រព័ន្ធតុលាការ នៅតែមានតួយ៉ាង
គឺតុលាការប្រជាជនជាដើម។
កាលពីពេលថ្មីៗនេះ
នារីវ័យក្មេងម្នាក់ ត្រូវបានគេវាយដំ និងចាប់កោរសក់
ដោយគេសង្ស័យជាចោរ។ ក្នុងករណីនេះ
បានធ្វើឲ្យមានការលើកឡើងនៅក្នុងបណ្ដាញសង្គម ជុំវិញតុលាការប្រជាជន
ដែលប្រជាជនបានប្រើប្រាស់អំពើហិង្សាលើជនសង្ស័យ។
អ្នកនិយមលេងបណ្ដាញសង្គមនៅកម្ពុជា
បានបញ្ចេញមតិយោបល់របស់ខ្លួនជុំវិញបញ្ហានេះ ដោយអ្នកខ្លះគាំទ្រ
និងអ្នកខ្លះមិនគាំទ្រ ចំពោះការកាត់ក្ដីរបស់ប្រជាជនបែបនេះ។
ទន្ទឹមនឹងនេះ
កាលពីដើមខែមីនា ឆ្នាំ២០១៨កន្លងទៅ លោកបណ្ឌិតម្នាក់
ក៏ត្រូវតុលាការប្រជាជន ប្រើអំពើហិង្សាស្ទើរតែបាត់បង់ជីវិតផងដែរ។
ម៉្យាងទៀត ហេតុការណ៍នេះ មិនមែនជាករណីលួច ឆក់ ប្លន់ នោះទេ
ប៉ុន្តែវាជាទិដ្ឋភាពគ្រោះថ្នាក់ចរាចរណ៍។ ជាមួយគ្នានេះ
អ្នកវិភាគមួយចំនួន បានលើកឡើងថា ការប្រើប្រាស់អំពើហិង្សាលើជនសង្ស័យក្នុងករណីណាក៏ដោយ
អាចធ្វើឲ្យសង្គមអសន្តិសុខ និងអាណាធិបតេយ្យជាដើម ជាពិសេស
ការកាត់ក្ដីក្រោមតុលាការប្រជាជនបែបនេះ។ ម៉្យាងទៀត
ការប្រើអំពើហិង្សាបែបនេះ ត្រូវបានគេចាត់ទុកថា ប្រជាពលរដ្ឋកម្ពុជា មានកំហឹងលើការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាល
ជាពិសេសប្រព័ន្ធតុលាការ។
ចំពោះបញ្ហាតុលាការប្រជាជននេះ
អ្នកស្រី ណារិន ជាអាជីវករ បានលើកឡើងថា ការដែលប្រជាជនកាត់ក្ដីបែបនេះ
ព្រោះពួកគាត់មានការឈឺចាប់ចំពោះករណីផ្សេងៗ ដូចជា ចោរឆក់ ឬប្លន់ជាដើម
មួយវិញទៀតគឺ គ្រោះថ្នាក់ចរាចរណ៍។ អាជីវកររូបនេះ បន្តថា
ទោះការកាត់ក្ដីបែបនេះ មានទោសក៏ដោយ
ប៉ុន្តែនេះជាអ្វីដែលប្រជាពលរដ្ឋអស់ជំនឿលើប្រព័ន្ធតុលាការ។
ចំណែកនិស្សិតផ្នែកច្បាប់វិញ
កញ្ញា ផល លីវយី មានចំណាប់អារម្មណ៍លើបញ្ហានេះផងដែរ។ យុវតីរូបនេះ យល់ថាតុលាការប្រជាជន
គឺបង្ហាញពីសង្គមមួយ ដែលមានប្រព័ន្ធច្បាប់នៅមានភាពទន់ខ្សោយ ដោយប្រជាជនមិនទុកចិត្តទៅលើប្រព័ន្ធច្បាប់
ដូចនេះហើយបានបង្កើតឲ្យមានតុលាការប្រជាជន នេះកើតឡើង។ កញ្ញា លីវយី បន្ថែមថា
ប្រជាជនគិតថាច្បាប់មិនអាចធ្វើអ្វីជនល្មើសនោះបានទេ គឺពួកមន្រ្តីច្បាប់មួយចំនួនប្រព្រឹត្តអំពើពុករលួយ។
និស្សិតផ្នែកច្បាប់រូបនេះ
មិនគាំទ្រឲ្យតុលាការប្រជាជននោះទេ លីវយី រៀបរាប់ដូច្នេះ៖ «បើសិនជាមានតុលាការប្រជាជន
សង្គមទៅជាយ៉ាងណា។ យើងឃើញថាតុលាការប្រជាជនវាធ្វើឲ្យមានភាពអាណាធិបតេយ្យក្នុងសង្គម
ជាធម្មតាទេនៅក្នុងដំណើរការរឿងក្តីនីមួយៗ ត្រូវស្វែងរកនូវហេតុផលអោយបានត្រឹមត្រូវ
មិនមែនចេះតែកាត់ក្តីភ្លាមៗថាអ្នកនេះជាចោរ អ្នកនោះជាចោរ អ្នកនេះធ្វើត្រូវ
អ្នកនេះធ្វើខុសទេ»។
ទោះជាយ៉ាងណា
ក៏តុលាការប្រជាជននៅតែមានវត្តមានក្នុងសតវត្សរ៍ទី២១នេះ
ជាពិសេសនីតិកាលទី៦នេះ។ ប្រជាពលរដ្ឋរង់ចាំមើលប្រព័ន្ធតុលាការកម្ពុជា
ថាតើមានភាពត្រឹមត្រូវ យុត្តិធម៌ ដែរ ឬទេ? មួយវិញទៀត
អំពើពុករលួយក៏ជាផ្នែកមួយ ដែលធ្វើឲ្យមានតុលាការប្រជាជនដែរ
ព្រោះដោយសារតែលុយទើបធ្វើឲ្យសទៅជាខ្មៅ ហើយខ្មៅទៅជាស។
បន្ថែមលើតុលាការប្រជាជន
មានការចូលរួមពីប្រជាជនគ្រប់រូប ដែលមាននៅក្នុងករណីផ្សេងៗ។ ដូចនេះនៅពេលដែលមានតុលាការប្រជាជនកើតឡើង
វាធ្វើឲ្យសង្គមយើងទៅជាមានភាពអាណាធិបតេយ្យ រញ៉េរញ៉ៃ គ្មានច្បាប់ត្រឹមត្រូវ
គ្មានច្បាប់គ្រប់គ្រង ហើយប្រជាជនខ្វះការយល់ដឹងក្នុងការវិនិច្ឆ័យ ថាតើជនណាមួយជាជនល្មើស
វាអាចធ្វើឲ្យមានការយល់ច្រលំ ជួនកាលចេះតែស្រែកៗអោយផ្អើរ
ដែរធ្វើអោយប៉ះពាល់ទៅដល់ជនរងគ្រោះដែរគាត់អត់ដឹងអីសោះ ក៏មកទទួលរងការគ្រោះថ្នាក់ដោយសារតែតុលាការប្រជាជននេះ
។
ដោយឡែក
វាអាចធ្វើឲ្យប៉ះពាល់ទៅដល់ប្រជាជនខ្លួនឯង ដោយសារតែប្រទេសមានច្បាប់
ដូចេះហើយយើងទុកអោយច្បាប់ជាអ្នកដោះស្រាយ បើសិនជាយើងមិនសុខចិត្តយើងអាចធ្វើជាពាក្យបណ្តឹងផ្សេងៗតាមនោះទៀត៕

Comments
Post a Comment