សាកលវិទ្យាល័យ​កម្ពុជា រៀប​ចំ​ការ​ប្រគំតន្រ្តី​ចូលឆ្នាំ​ថ្មី ដើម្បី​សប្បុរស​ធម៌


អត្ថបទដោយ៖ ញឹក ស្រីល័ក្ខ
ការសម្ដែងរបាំអប្សរានៅក្នុងកម្មវិធីបើកដំណើរការកម្មវីធីចូលឆ្នាំតន្ត្រីសប្បុរសធម៍។
ភ្នំពេញ៖ ​​កាលពីថ្ងៃទី ០៣ មេសានេះ សភានិស្សិតនៃសាកលវិទ្យាល័យកម្ពុជាជំនាន់ទី១១ បានរៀបចំកម្មវិធី​​ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ជាពិសេស ក្នុងកម្មវិធីនេះ ក៏មានការប្រគំតន្រ្តី ដើម្បីសប្បុរសធម៌ ជួយដល់អង្គការជនក្រីក្រផងដែរ។ ជាមួយគ្នានេះ បានចូលរួមផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរ និងជំរុញឲ្យមានការលេងល្បែងប្រជាប្រិយខ្មែរជាដើម។


នៅក្នុងបរិវេណសាកលវិទ្យាល័យកម្ពុជា មានការរៀបចំកម្មវិធីចូលឆ្នាំថ្មី ដើម្បី​​សប្បុរសធម៌ ដោយមានការចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តម កៅ គឹមហួន ប្រតិភូអមនាយករដ្ឋមន្រ្តី និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យកម្ពុជា រួមទាំងសាស្រ្តាចារ្យ និងភ្ញៀវកត្តិយសទាំងអស់។ កម្មវិធីនេះ បានចាប់ផ្ដើម​​ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៩យប់ ដោយមានការលេងល្បែងប្រជាប្រិយខ្មែរ ការសម្ដែងល្ខោននិយាយ របាំ ការសម្ដែងអាយ៉ៃ និងការច្រៀងកម្សាន្តពីសំណាក់តារាល្បីៗក្នុងព្រះរាជណាចក្រកម្ពុជាផងដែរ។

សម្រាប់កម្មវិធីនេះ មានវត្តមានតារាចម្រៀងល្បីៗរួមមាន លោក ងួន ចាន់ដេវីត កញ្ញា ទេព បូព្រឹក្ស កញ្ញា សួស វីស្សា និងលោក មានិត រួមទាំងការសម្ដែងរបស់និស្សិតនៃសាកលវិទ្យាល័យកម្ពុជាជាដើម។ ដោយឡែកក្នុងកម្មវិធីនេះ បានផ្ដល់ឱកាសដល់និស្សិតគ្រប់រូប ឲ្យ​​បានលេងល្បែងប្រជាប្រិយខ្មែរផងដែរ។ ដោយក្នុងនោះ មានល្បែងប្រជាប្រិយដូចជា វាយក្អម លាក់កន្សែង ដណ្ដើមស្លឹកឈើ និងល្បែងទាញព្រ័ត្រជាដើម។

បន្ថែមលើសនេះ កម្មវិធីនេះ​​ មានការសម្ដែងរបាំត្រុដ ដែលប្រជាជនខ្មែរ ស្គាល់ជារបាំអបអរសាទរឆ្នាំថ្មី និងរបាំជូនពរ ក៏មានការសម្ដែងនៅក្នុងសាកលវិទ្យាល័យកម្ពុជាផងដែរ។ បើទោះបីជាកម្មវិធីនេះ បានរៀបចំដោយក្ដីសោមនស្សរីករាយក្ដី គេសង្កេតឃើញថា នៅជុំវិញការប្រគំតន្រ្តី ក្នុងបរិវេណសាកលវិទ្យាល័យកម្ពុជា មានជាស្ដង់សម្រាប់លក់ផលិតផល វត្ថុអនុស្សាវរីយ និងអាហារញ៉ាំ ដែលសុទ្ធតែធ្វើឡើងក្នុងទិសដៅសប្បុរសធម៌។

យ៉ាងណាក៏ដោយ សម្រាប់ការប្រគំតន្រ្តីនៅពេលល្ងាច ក៏មានការផ្ដល់វត្តមានដ៏ខ្ពង់ខ្ពស់ពីសំណាក់សាកលវិទ្យាធិការនៃសាកលវិទ្យាល័យកម្ពុជា ឯកឧត្តម កៅ គឹមហួន ដែលឯកឧត្តមបានចំណាយវេលាដ៏មានតម្លៃសម្រាប់កម្មវិធីទាំងមូល និងនិស្សិតនៃសាកលវិទ្យាល័យកម្ពុជាផងដែរ។ ជាពិសេស ឯកឧត្តម ក៏បានចែកនូវលិខិតសរសើរ និងថ្លែងអំណរគុណដល់សិល្បករដែលបានចូលរួការងារសប្បុរសធម៌ជាមួយសាកលវិទ្យាល័កម្ពុជាផងដែរ។


សូមបញ្ជាក់ថា សភានិស្សិតនៃសាកលវិទ្យាល័យកម្ពុជា តែងតែរៀបចំកម្មវិធីអបអរសាទរចូលឆ្នាំថ្មី និងការប្រគំតន្រ្តីដើម្បីសប្បុរសធម៌ផងដែរ។ ទន្ទឹមនឹងនេះ កម្មវិធីនេះ មានការគាំទ្រពីសាកលវិទ្យាល័យកម្ពុជា និងសហព័ន្ធនិស្សិតនៃសាកលវិទ្យាល័យកម្ពុជា។ ម៉្យាងទៀត ការរៀបចំកម្មវិធីបែបនេះ ជាបទពិសោធន៍ និងជាជោគជ័យរបស់និស្សិតសាកលវិទ្យាល័យកម្ពុជា ដែលពួកគេមានសមត្ថភាព និងហ៊ានលះបង់ពេលវេលាផ្ទាល់ខ្លួនក្នុងការចូលរួមសម្ដែង និងចូលរួមរៀបចំកម្មវិធីទាំងនេះ៕



Comments

Popular posts from this blog

របរលក់ចាប់ហួយត្រូវប៉ាន់ខ្លាំង ខណៈរបរមួយចំនួនត្រូវបិទទ្វារដោយសារជំងឺកូវីត១៩

តើរឿងវាលពិឃាតមានសាច់រឿងរៀបរាប់ពីអ្វីទាក់ទងនឹងជីវិតអ្នកកាសែត New York Times?

ការនេសាទខុសច្បាប់